ក្រុម Bodo/Glimt ទម្លាក់ Inter Milan អតីតជើងឯក UCL ៣សម័យកាល ឡើងវគ្គ ១៦ក្រុមជាប្រវត្តិសាស្រ្ត
25-02-2026 09:40
(បរទេស)៖ ក្រុមបាល់ទាត់ Bodo/Glimt របស់ប្រទេសន័រវេសបានបង្កើតប្រវត្តិសាស្រ្តដ៏គួរឱ្យភ្ញាក់ផ្អើល តាមរយៈទម្លាក់ ក្រុមជើងឯករង UEFA Champions League រដូវកាលមុនគឺ Inter Milan ដើម្បីឆ្លងទៅវគ្គ ១៦ក្រុមជាបន្តទៀត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ក្រុមដែលមានរយៈចម្ងាយប្រមាណ ៧០ម៉ាយពីខ្សែបន្ទាត់អាក់ទិចមួយនេះបានយកឈ្នះសុទ្ធតែក្រុមខ្លាំងមានដូចជា Manchester City និង Atletico Madrid ជាដើមពីក្នុងវគ្គ League Phase មុនពេលមកទម្លាក់ជើងខ្លាំង Inter Milan អតីតជើងឯក UCL ៣សម័យកាលនៅវគ្គជម្រុះនាយប់មិញថែមទៀត។
Bodo/Glimt បានយកឈ្នះ Inter ២-១ ក្នុងជើងទី២ នៅប្រទេសអ៉ីតាលី បន្ថែមលើជ័យជម្នះ ៣-១ កាលពីជើងទី១ ដើម្បីឡើងទៅកាន់វគ្គ ១៦ក្រុមនៃពានរង្វាន់អឺរ៉ុប UCL ជាលើកដំបូង ដែលអាចប្រឈមមុខនឹង Man City ឬក៏ Sporting។
នេះមានន័យថា Bodo/Glimt បានចូលរួមជាមួយ Bayer Leverkusen, Newcastle United និង Atletico Madrid ដែលបានឆ្លងផុងវគ្គជម្រុះ ២ជើង ឡើងទៅកាន់វគ្គ ១៦ក្រុមនៃពាន UCL ជំនាន់ទី២ ដែលលេង ៣៦ក្រុមវគ្គ League Phase៕



