មហាផ្ទៃ ជួបវិសាខា ខណៈស្វាយរៀង ជួបភ្នំពេញ ក្នុងវគ្គ ១/៤ ពានបាល់ទះសម្ដេចក្រឡាហោម ស ខេង
25-02-2026 10:31
(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៤ បានរកឃើញក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយហើយ ដោយក្រុមជើងឯករងឆ្នាំចាស់ ក្រសួងមហាផ្ទៃ ត្រូវជួបក្រុមខ្លាំងវិសាខា ខណៈក្រុមការពារតំណែងជើងឯក ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ត្រូវជួបក្រុមស្នងការនគរបាលរាជធានីភ្នំពេញ។
កម្មវិធីប្រកួតវគ្គ ៨ក្រុមនឹងធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈនេះ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) ហើយក្រៅពីគូខ្លាំង ប៉ះខ្លាំងខាងលើ នៅមាន ២គូទៀត រួមមានក្រុមលេខ៣ ឆ្នាំចាស់ បញ្ជាការដ្ឋានអង្គរក្ស (A) ជួបកងពលធំអន្ដរាគមន៍លេខ៣ និងក្រុមស្នងការនគរបាលខេត្តកោះកុង ត្រូវជួបក្រុមស្នងការនគរបាលខេត្តព្រះសីហនុ។
ចំពោះលទ្ធផលការប្រកួតវគ្គ ១៦ក្រុមចុងក្រោយរបស់បេក្ខភាពវគ្គ ១/៤ ផ្ដាច់ព្រ័ត្រខាងលើ ក្រុមស្នងការនគរបាលខេត្តស្វាយរៀង បានយកឈ្នះក្រុមលោតាឌីខេត្តព្រះវិហារ ៣-០សិត។ ក្រុមក្រសួងមហាផ្ទៃ ឈ្នះក្រុមស្នងការនគរបាលខេត្ដស្វាយរៀង ៣-០សិត។ ក្រុមវិសាខា ឈ្នះក្រុមបញ្ជាការដ្ឋានអង្គរក្ស (B) ៣-១សិត និងក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ឈ្នះក្រុមស្នងការនគរបាលខេត្តត្បូងឃ្មុំ ៣-០សិត។
ចំណែកបញ្ជាការដ្ឋានអង្គរក្ស (A) បានយកឈ្នះក្រុមស្នងការនគរបាលខេត្តមណ្ឌលគិរី ៣-០សិត។ ក្រុមកងពលធំអន្ដរាគមន៍លេខ៣ ឈ្នះក្រុមស្នងការនគរបាលខេត្តពោធិ៍សាត់ ៣-២សិត។ ក្រុមស្នងការនគរបាលខេត្តព្រះសីហនុ ឈ្នះក្រុមឬទ្ធិសែនខេត្តកំពង់ឆ្នាំង ៣-២សិត និងក្រុមស្នងការនគរបាលខេត្តកោះកុង ឈ្នះក្រុមស្នងការនគរបាលខេត្តព្រៃវែង ៣-០។ ដូច្នេះចាំមើលក្នុងចំណោមក្រុមខ្លាំង ៨ក្រុមខាងលើ តើក្រុមណាខ្លះនឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ?
ទន្ទឹមជាមួយការរកឃើញក្រុមឡើងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រផ្នែកបុរសនេះ ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៤ ដែលទើបបញ្ចូលវិញ្ញាសាបាល់ទះនារីលើកដំបូង ក៏បានរកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ រួមមានក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវជួបក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ និងក្រុមបាល់ទះនារីក្រសួងមហាផ្ទៃ ជួបក្រុមអកសមុទ្រ។ ចំពោះការប្រកួតគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈខាងមុខ៕





