Amazon រងពិន័យនៅអ៊ីតាលី ក្រោយលួចប្រមូលទិន្នន័យឯកជន រហូតដល់រឿងគ្រួសាររបស់បុគ្គលិក
25-02-2026 10:52
(បរទេស)៖ អាជ្ញាធរការពារទិន្នន័យរបស់ប្រទេសអ៊ីតាលី បានចេញបញ្ជាបន្ទាន់ឱ្យក្រុមហ៊ុន Amazon Italia Logistica បញ្ឈប់ការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលិកជាង ១,៨០០ នាក់ នៅឃ្លាំងទំនិញ Passo Corese។ បម្រាមនេះត្រូវបានធ្វើឡើង បន្ទាប់ពីរកឃើញថា ក្រុមហ៊ុនបានប្រើប្រាស់កាមេរ៉ាសុវត្ថិភាពនៅជិតបន្ទប់ទឹក និងកន្លែងសម្រាក ដើម្បីប្រមូលទិន្នន័យដែលរំលោភលើសិទ្ធិបុគ្គលយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
អ្វីដែលធ្វើឱ្យគេហួសចិត្តបំផុតនោះគឺ ព័ត៌មានដែល Amazon លួចប្រមូលយកទៅចែកចាយក្នុងចំណោមអ្នកគ្រប់គ្រង មិនមែនជារឿងការងារឡើយ ប៉ុន្តែជារឿងផ្ទាល់ខ្លួនសុទ្ធសាធ រួមមាន៖ ស្ថានភាពជំងឺប្រចាំកាយ, សកម្មភាពសហជីព, និងរឿងរ៉ាវរសើបក្នុងគ្រួសារ ដូចជាការលែងលះ ឬសាច់ញាតិឈឺជាដើម។ និយតករអ៊ីតាលីបានសង្កត់ធ្ងន់ថា នេះគឺជាការរំលោភលើសិទ្ធិបុគ្គលយ៉ាងធ្ងន់ធ្ងរ ព្រោះនិយោជកគ្មានសិទ្ធិមកតាមដានរឿងឯកជន ដែលមិនពាក់ព័ន្ធនឹងសមត្ថភាពការងារនោះទេ។
ជុំវិញរឿងរ៉ាវនេះ ខាងក្រុមហ៊ុន Amazon បានចេញមុខឆ្លើយតបថា៖ «យើងកំពុងពិនិត្យមើលដោយយកចិត្តទុកដាក់បំផុត ចំពោះវិធានការដែលចេញដោយអាជ្ញាធរការពារទិន្នន័យអ៊ីតាលី»។ ក្រុមហ៊ុនបានបន្ថែមការពារខ្លួនថា៖ «ការការពារទិន្នន័យផ្ទាល់ខ្លួន ជាពិសេសទិន្នន័យរបស់បុគ្គលិកយើង គឺជាអាទិភាពដាច់ខាតសម្រាប់យើង» ហើយពួកគេសន្យានឹងកែសម្រួលនីតិវិធីភ្លាមៗ ប្រសិនបើរកឃើញថាមានកំហុសឆ្គងមែននោះ។
បច្ចុប្បន្ន អាជ្ញាធរបានហាមឃាត់មិនឱ្យ Amazon បន្តប្រើប្រាស់ទិន្នន័យទាំងនេះទៀតឡើយ រួមទាំងទិន្នន័យដែលបានរក្សាទុកតាំងពី ១០ ឆ្នាំមុនផងដែរ។ ករណីនេះបានក្លាយជាមេរៀន និងជាការដាស់តឿនដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដទៃទៀត ឱ្យគោរពដល់ឯកជនភាព និងសិទ្ធិសេរីភាពរបស់បុគ្គលិកនៅកន្លែងធ្វើការឱ្យបានខ្ជាប់ខ្ជួនបំផុត៕










