នាយករដ្ឋមន្រ្តីសេណេហ្គាល់ បង្ហាញការខកចិត្ត ដ្បិតពលរដ្ឋ ១៨នាក់ត្រូវចាប់ដាក់គុក កាលផ្តាច់ព្រ័ត្រ Afcon 2025

25-02-2026 11:00

(រ៉ាបាត)៖ លោក Ousmane Sonko នាយករដ្ឋមន្រ្តីនៃប្រទេសសេណេហ្គាល់បានបង្ហាញការខកចិត្តជាខ្លាំង ក្រោយពេលអ្នកគាំទ្រសេណេហ្គាល់ចំនួន ១៨នាក់ ត្រូវបានកាត់ទោលជាប់ពន្ធនាគារនៅប្រទេសម៉ារ៉ុក ពីបទប៉ះទង្គិចគ្នាជាមួយសន្តិសុខ កាលផ្តាច់ព្រ័ត្រពានរង្វាន់អាហ្រ្វិក Africa Cup of Nations 2025។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អ្នកគាំទ្រទាំងនោះត្រូវបានចាប់ខ្លួនភ្លាមៗ និងកាត់ទោសដាក់ពន្ធនាគារទៀតផង ដោយសារប៉ះទង្គិចគ្នាជាមួយក្រុមរក្សាសន្តិសុខនៃប្រទេសម៉ារ៉ុក កាលពីអំឡុងផ្តាច់ព្រ័ត្រ Afcon 2025 នាថ្ងៃទី១៨ ខែមករា នៅឯទីក្រុង Rabat ប្រទេសម៉ារ៉ុករវាងម្ចាស់ផ្ទះ និងសេណេហ្គាល់។

ការប៉ះទង្គិចនៅកន្លែងអង្គុយបានផ្ទុះឡើង នៅពេលម៉ារ៉ុកត្រូវបានផ្តល់បាល់ពិន័យប៉េណាល់ទី (១១ម៉ែត្រ) នៅចុងម៉ោងនៃវគ្គទី២ ដោយមានផ្នែកខ្លះនៃកន្លែងអង្គុយ ពួកគេបានព្យាយាមរត់ចូលទីលានថែមទៀតផង ស្របពេលកីឡាករសេណេហ្គាល់ខ្លះទៀត បានដើរចេញពីទីលានទៅបន្ទប់ផ្លាស់សំលៀកបំពាក់ដែរ។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន តុលាការម៉ារ៉ុកបានកាត់ទោសអ្នកគាំទ្រសេណេហ្គាល់ដែលជាជើងឯក Afcon 2025 ជាប់គុកចាប់ពី ៣ខែទៅ ១ឆ្នាំ និងពិន័យជាប្រាក់ ៥៤៥ដុល្លារ ក្នុងម្នាក់ថែមទៀត។

ចំពោះសេចក្តីសម្រេចរបស់តុលាការនេះដែ៛ ញាំងឱ្យលោក Sonko បានថ្លែងក្នុងពេលប្រជុំសភាសេណេហ្គាល់ថា «វាពិតជារឿងដ៏គួរឱ្យខកចិត្តបំផុត ក្នុងនាមប្រទេសទាំងពីរជាមិត្តនឹងគ្នា»