មេដឹកនាំមន្ទីរពិសោធន៍ Amazon ប្រកាសលាលែងពីតំណែង ដើម្បីទៅបង្កើតអ្វីដែលថ្មីជាងមុន

25-02-2026 13:48

(បរទេស)៖ លោក David Luan ប្រធានមន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ (AGI) របស់ក្រុមហ៊ុន Amazon បានប្រកាសចាកចេញពីតំណែង បន្ទាប់ពីបានចូលរួមការងារជាមួយក្រុមហ៊ុនយក្សនេះបានត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ។ ការសម្រេចចិត្តនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះលោកគឺជាបុគ្គលសំខាន់ដែល Amazon បានឆក់យកមកពីក្រុមហ៊ុន startup ឈ្មោះ Adept ដើម្បីដឹកនាំការប្រកួតប្រជែងក្នុងសមរភូមិ AI ជាមួយគូប្រជែងដូចជា ChatGPT និង Google Gemini ជាដើម។​ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

នៅក្នុងសារលាគ្នាលើបណ្តាញ LinkedIn លោក Luan បានបង្ហើបថា លោកនឹងឈប់នៅចុងសប្តាហ៍នេះ ដើម្បីទៅ «រៀបចំបង្កើតអ្វីដែលថ្មី»។ លោកបានបញ្ជាក់ពីមហិច្ឆតាផ្ទាល់ខ្លួនថា៖ «មានការងារដ៏អស្ចារ្យជាច្រើនដែលត្រូវធ្វើនៅ Amazon... ប៉ុន្តែដោយសារបច្ចេកវិទ្យា AI កាន់តែខិតជិតដល់កម្រិតដូចមនុស្សទៅហើយ ខ្ញុំសម្រេចចិត្តចំណាយពេល ១០០% របស់ខ្ញុំ ដើម្បីបង្រៀនប្រព័ន្ធ AI ឱ្យមានសមត្ថភាពថ្មីៗសន្លាងតែម្តង»

គួរជម្រាបថា​ ការចាកចេញនេះ កើតឡើងចំពេលដែល Amazon កំពុងធ្វើការរុះរើរចនាសម្ព័ន្ធផ្ទៃក្នុង និងស្ថិតក្រោមការស៊ើបអង្កេតពីអាជ្ញាធរសហរដ្ឋអាមេរិក (FTC)។ អាជ្ញាធរកំពុងពិនិត្យមើលថា តើការដែល Amazon ជួលបុគ្គលិកជាន់ខ្ពស់ពីក្រុមហ៊ុនដទៃក្នុងលក្ខណៈ «Acqui-hire» គឺជាយុទ្ធសាស្ត្រដើម្បីគេចវេសពីច្បាប់ប្រឆាំងការផ្តាច់មុខដែរឬយ៉ាងណា។ ទោះជាយ៉ាងណាក៏ដោយ ការបាត់បង់អ្នកដឹកនាំរូបនេះ គឺជាបញ្ហាប្រឈមថ្មីមួយសម្រាប់ Amazon ក្នុងការសម្រេចគោលដៅបង្កើត AI ដែលមានសមត្ថភាពលើសមនុស្ស៕