ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក ចុះអនុស្សរណៈយោគយល់គ្នា ស្តីពីភាពជាដៃគូយុទ្ធសាស្រ្ត

25-02-2026 14:05

(ភ្នំពេញ)៖ ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី ឯ.ក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បីពង្រឹងប្រព័ន្ធអេកូក្នុងមធ្យោបាយដឹកជញ្ជូន និងជំរុញការទូទាត់ប្រាក់ឌីជីថលឱ្យកាន់តែមានភាពទូលំទូលាយជាងមុន។ ពិធីចុះហត្ថលេខាត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអគារកាណាឌីយ៉ា ក្រោមអធិបតីភាព លោក Dominic Mario Notario អគ្គនាយកធនាគារ កាណាឌីយ៉ា និងលោក តុប និមល ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ផាសអ៊ែប។

នាឱកាសនោះ លោក តុប និមល បានលើកឡើងថា «ផាសអ៊ែប (PassApp) ជាកម្មវិធីកក់មធ្យោបាយធ្វើដំណើរឈានមុខគេ ក្នុងប្រទេសកម្ពុជា មានមោទកភាពក្នុងកិច្ចសហការជាមួយធនាគារកាណាឌីយ៉ា ដើម្បីជំរុញការទូទាត់ប្រាក់តាមបែបឌីជីថល និងពង្រឹងប្រព័ន្ធអេកូក្នុងមធ្យោបាយធ្វើដំណើរនៅប្រទេសកម្ពុជា។ កិច្ចសហការនេះជំរុញការទូទាត់ប្រាក់តាមរយៈ ប្រព័ន្ធឌីជីថលក្នុងកម្មវិធីអ៊ែបផាសអ៊ែប (PassApp) កាន់តែលឿន មានសុវត្ថិភាព និងងាយស្រួលជាងមុន ជាពិសេសផ្ដល់ជាការបញ្ចុះតម្លៃ សម្រាប់សាធារណៈជនទូទៅ បុគ្គលិកធនាគារកាណាឌីយ៉ា និងអ្នកកាន់ប័ណ្ណឥណទានវីសាកាណាឌីយ៉ាទាំងអស់»

លោកបន្ថែមថា លើសពីនេះ វាសម្រួលដល់ដៃគូអ្នកបើកបររបស់យើង ចំពោះការគ្រប់គ្រងប្រាក់ចំណូលរបស់ពួកគាត់ឲ្យកាន់តែមានប្រសិទ្ធភាពតាមរយៈប្រព័ន្ធធនាគារដែលអាចទុកចិត្តបាន និងទូទាត់ប្រាក់តាមរយៈ QR សម្រាប់អ្នកបើកបរ ដែលធ្វើឲ្យការទទួលប្រាក់ពីអតិថិជនកាន់តែងាយស្រួល និងមានសុវត្ថិភាព។ យើងកំពុងសហការគ្នា ដើម្បីបង្កើតប្រព័ន្ធអេកូទូទាត់ប្រាក់តាមបែបឌីជីថល និងមធ្យោបាយធ្វើដំណើរ ដើម្បីផ្តល់នូវគុណតម្លៃ និងបទពិសោធន៍កាន់តែល្អសម្រាប់អ្នកដំណើរ អ្នកបើកបរ និងប្រជាជនកម្ពុជាទាំងអស់។

ជាមួយគ្នានេះ លោក Dominic Mario Notario ក៏បានលើកឡើងថា «ក្នុងនាមជាធនាគារពាណិជ្ជដែលទទួលបានទំនុកចិត្តខ្ពស់ និងបានរីកចម្រើនជាមួយប្រទេសកម្ពុជាអស់រយៈពេលជាង ៣ទសវត្សរ៍ មកនេះ ធនាគារ កាណាឌីយ៉ា នៅតែប្តេជ្ញាចិត្តក្នុងការធ្វើឱ្យសេវាកម្មធនាគារឌីជីថលជាផ្នែកដ៏សំខាន់មួយសម្រាប់ជីវិតប្រចាំថ្ងៃ។ ភាពជាដៃគូរបស់យើងខ្ញុំជាមួយ ក្រុមហ៊ុន ផាសអ៊ែប ថេកណឡជី នឹងធ្វើឲ្យចក្ខុវិស័យនេះសម្រេចទៅមុខបាន ដោយការផ្តល់នូវអត្ថប្រយោជន៍ដ៏ជាក់ស្តែងពិតៗជូនទៅដល់អ្នកបើកបរ និងអតិថិជនរបស់ផាសអ៊ែប ដូចជាការប្រើប្រាស់សេវាកម្មធនាគារឌីជីថល (ការទូទាត់ប្រាក់ ការដាក់-ដកប្រាក់ ជាដើម) កាន់តែប្រសើរឡើង ជាមួយនឹងភាពងាយស្រួល និងប្រសិទ្ធផលដ៏គួរឲ្យកត់សម្គាល់»

លោកបានលើកឡើងទៀតថា ជាមួយនឹងការផ្សព្វផ្សាយបន្ថែមទៅលើការទូទាត់ប្រាក់តាមឌីជីថលដោយសុវត្ថិភាព និងរហ័ស យើងខ្ញុំបាននឹងកំពុងបន្ថែមអត្ថប្រយោជន៍ និងលើកកម្ពស់បទពិសោធន៍ជារួម សម្រាប់អ្នកបើកបរ អ្នកធ្វើដំណើរ និងសហគមន៍ទាំងមូល។

សូមជម្រាបថា ធនាគារ កាណាឌីយ៉ា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩១ និងបានធ្វើឯកជនភាវូបនីយកម្មពេញលេញនៅក្នុងឆ្នាំ ១៩៩៨ ជាធនាគារពាណិជ្ជដែលមានសេវាកម្មពេញលេញបំផុតមួយ ដែលមានជំនាញហិរញ្ញវត្ថុ និងភាពរឹងមាំឈរជើងជាងបីទសវត្សរ៍កន្លងមក។ ធនាគារកាណាឌីយ៉ា មានជំហរដ៏រឹងមាំក្នុងទីផ្សារហិរញ្ញវត្ថុ ទាំងប្រាក់កម្ចី និងប្រាក់បញ្ញើ គាំទ្រដោយទំនាក់ទំនងយ៉ាងទូលំទូលាយ រវាងធនាគារក្នុងស្រុក និងអន្តរជាតិ។ ជាមួយនឹងសាខាចំនួន ៦៩ និងម៉ាស៊ីនឌីជីថលស្វ័យសេវាជាង ៤៣០ នៅទូទាំងប្រទេស ធនាគារកាណាឌីយ៉ា នៅតែបន្តជំរុញនវានុវត្តន៍ និងផ្តល់នូវបទពិសោធន៍ធនាគារឌីជីថលរលូននៅកម្ពុជា។

ចំណែកឯ ផាសអ៊ែប (PassApp) គឺជាកម្មវិធីកក់មធ្យោបាយធ្វើដំណើរតាមទូរសព្ទដៃឈានមុខគេក្នុងប្រទេសកម្ពុជា ដែលបានដាក់ឱ្យដំណើរការតាំងពីឆ្នាំ ២០១៧។ ផាសអ៊ែប (PassApp) ប្តេជ្ញាផ្តល់នូវសេវាកម្មធ្វើដំណើរដ៏ល្អបំផុតជូនដល់អតិថិជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ បច្ចុប្បន្ន វិសាលភាពសេវាកម្មរបស់ ផាសអ៊ែប (PassApp) បានគ្របដណ្ដប់ក្នុងខេត្ត-ក្រុងចំនួន ១០ រួមមាន៖ ភ្នំពេញ សៀមរាប ព្រះសីហនុ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពត កណ្ដាល បន្ទាយមានជ័យ និងបាវិត។ ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន ក្រុមហ៊ុនបានផ្តល់ជូនជម្រើសយានយន្តយ៉ាងសម្បូរបែប រួមមាន រ៉ឺម៉ក PassApp កង់បី PassApp រថយន្ដតូច រថយន្ត ECO រថយន្ដ SUV និងរថយន្ដ Comfort ជាដើម៕