ម្ចាស់ភាគហ៊ុន Apple បដិសេធសំណើដែលបង្ខំឱ្យក្រុមហ៊ុនធ្វើរបាយការណ៍អំពី «ការពាក់ព័ន្ធជាមួយចិន»

25-02-2026 14:46

(បរទេស)៖ ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Apple នៅថ្ងៃអង្គារសប្តាហ៍នេះ បានបោះឆ្នោតបដិសេធសំណើមួយ ដែលតម្រូវឱ្យក្រុមហ៊ុនធ្វើរបាយការណ៍អំពីការពឹងផ្អែករបស់ខ្លួនលើប្រទេសចិន ក្នុងការផលិតផលិតផលភាគច្រើន។ ការបោះឆ្នោតនេះបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Apple បានខិតខំប្រឹងប្រែងអស់រយៈពេលជិតមួយទសវត្សរ៍ ក្នុងការបង្វែរមូលដ្ឋានផលិតកម្មរបស់ខ្លួនឱ្យកាន់តែរីកធំទៅកាន់ប្រទេសវៀតណាម ឥណ្ឌា និងសហរដ្ឋអាមេរិក ដែលកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមដំឡើងកុំព្យូទ័រ Mac mini មួយចំនួននៅក្នុងទឹកដីអាមេរិក ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក ចាប់ពីចុងឆ្នាំនេះតទៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងអំឡុងពេលនៃវគ្គសំនួរ-ចម្លើយ លោក Tim Cook អគ្គនាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Apple បានប្រាប់ម្ចាស់ភាគហ៊ុនថា ក្រុមហ៊ុននៅតែបន្តរៀបចំផែនការបង្កើនភាគលាភប្រចាំឆ្នាំ ប៉ុន្តែអ្វីដែលជាអាទិភាពចម្បងនោះ គឺការវិនិយោគលើបច្ចេកវិទ្យានានា ដូចជាបញ្ញាសិប្បនិម្មិត (AI) ជាដើម។ លោក Cook បាននិយាយថា៖ «យើងចាប់ផ្តើមដោយការវិនិយោគទាំងឡាយណាដែលយើងជឿជាក់ថា ចាំបាច់ដើម្បីរីកចម្រើន និងគ្រប់គ្រងអាជីវកម្មរបស់យើង ដើម្បីបង្កើតផលិតផលថ្មី និងដើម្បីគាំទ្រដល់ផែនការផលិតផល និងសេវាកម្មរបស់យើង។ នោះគឺជាអាទិភាពខ្ពស់បំផុតរបស់យើង វាគឺជាអ្វីដែលជំរុញឱ្យមានការសម្រេចចិត្តជុំវិញការវិនិយោគ ហើយវាក៏ជាអ្វីដែលមានឥទ្ធិពលខ្លាំងបំផុត នៅពេលនិយាយដល់ការបង្កើតតម្លៃសម្រាប់ម្ចាស់ភាគហ៊ុន»

ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានអនុម័តរាល់សំណើទាំងបួនរបស់ក្រុមហ៊ុន បន្ថែមលើការបោះឆ្នោតទម្លាក់សំណើតែមួយគត់របស់ក្រុមម្ចាស់ភាគហ៊ុន ដែលមាននៅក្នុងសន្លឹកឆ្នោតនាថ្ងៃនោះ។ ទោះជាយ៉ាងណាក៏ដោយ ចំនួនវិនិយោគិនរបស់ Apple ដែលបានបោះឆ្នោតប្រឆាំងនឹងវិធានការ «Say on Pay» របស់ក្រុមហ៊ុន (ដែលជាការបោះឆ្នោតបង្ខំសម្រាប់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈនៅសហរដ្ឋអាមេរិក ដើម្បីអនុម័តលើប្រាក់ឈ្នួលរបស់ថ្នាក់ដឹកនាំ) បានកើនឡើងបន្តិច ដោយក្នុងនោះមាន ៨.៦% នៃសម្លេងឆ្នោតសរុបជាង ៩ពាន់លានសំឡេងបានបោះឆ្នោតប្រឆាំង (បន្ទាប់ពីដកសំឡេងអនុបវាទ និងសំឡេងដែលមិនបានបោះតាមរយៈឈ្មួញកណ្តាលចេញ)។

គួរជម្រាបថា កាលពីឆ្នាំមុន ចំនួនសំឡេងឆ្នោត «ប្រឆាំង» នឹងសំណើប្រាក់ឈ្នួលរបស់ក្រុមហ៊ុន Apple គឺមានកម្រិត ៧.៦%។ យោងតាមរបាយការណ៍កម្មវិធីប្រជុំ (Proxy Statement) របស់ក្រុមហ៊ុន ប្រាក់ឈ្នួលរបស់លោក Cook នៅតែមានស្ថិរភាពក្នុងឆ្នាំ២០២៥ ដោយទទួលបានចំនួន ៧៤.២៩ លានដុល្លារ បើធៀបនឹងឆ្នាំមុនដែលមានចំនួន ៧៤.៦១ លានដុល្លារ៕