BYD Song Ultra EV៖ ឡានអគ្គិសនីស៊េរីថ្មី ដែលអាចបត់កៅអីធ្វើជា «គ្រែគេង» បានយ៉ាងធំទូលាយ!

25-02-2026 15:40

(ភ្នំពេញ)៖ ក្រុមហ៊ុនយក្ស BYD បានអង្រួនទីផ្សាររថយន្តអគ្គិសនីម្តងទៀត ដោយបានទម្លាយរូបភាពផ្នែកខាងក្នុងជាផ្លូវការនៃម៉ូឌែល Song Ultra EV។ រថយន្តប្រភេទ SUV ខ្នាតមធ្យមនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែវាត្រូវបានរចនាឡើងដើម្បីបម្រើដល់ការរស់នៅបែបទំនើប ជាពិសេសគឺសមត្ថភាពបត់បែនកន្លែងអង្គុយឱ្យក្លាយជា «គ្រែគេង» បានយ៉ាងគួរឱ្យភ្ញាក់ផ្អើល។

អ្វីដែលប្លែកគេបំផុតសម្រាប់ Song Ultra EV គឺមុខងារ «Large Bed Mode»។ ដោយសាររថយន្តនេះមានចម្ងាយពីកង់មុខទៅកង់ក្រោយវែងរហូតដល់ ២,៨៤០ មីលីម៉ែត្រ វាអនុញ្ញាតឱ្យគេបត់កៅអីជួរមុខ និងជួរក្រោយឱ្យជាប់គ្នា បង្កើតបានជាផ្ទៃរាបស្មើដូចគ្រែគេងដ៏ធំមួយ។ មុខងារនេះស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្តឆ្ងាយៗ ឬចង់សម្រាកយកកម្លាំងក្នុងឡាន។

ផ្នែកខាងក្នុងត្រូវបានរៀបចំឡើងយ៉ាងប្រណីត និងសាមញ្ញ ដោយបានបំពាក់អេក្រង់ LCD ធំច្បាស់សម្រាប់បញ្ជាមុខងារផ្សេងៗ។ មានកន្លែងសាកថ្មទូរស័ព្ទឥតខ្សែ (Wireless Charge) ចំនួន ២ កន្លែង រន្ធដាក់កែវទឹក និងប៊ូតុងបញ្ជាដែលរៀបចំបានយ៉ាងមានរបៀប។

ចំពោះផ្នែកខាងក្រៅគឺប្រើប្រាស់រចនាបទអម្បូរ BYD ដែលមានចង្កៀងមុខរាងខ្សែបន្ទាត់ «កងផ្កាយ» មើលទៅកាន់តែស៊ីវិល័យ។

ទោះបីជាឡានគ្រួសារ ប៉ុន្តែកម្លាំងរបស់វាជារឿងដែលមិនអាចមើលរំលងបាន។ កម្លាំងម៉ាស៊ីនគឺប្រើម៉ូទ័រអគ្គិសនី ១ ដែលមានកម្លាំងរហូតដល់ ៣៦២ សេះ។ ល្បឿនអតិបរមា អាចរត់បានដល់ ២១០ គីឡូម៉ែត្រក្នុងមួយម៉ោង។ មានជម្រើសអាគុយ ប្រភេទ គឺប្រភេទបើកបាន ៦២០ គីឡូម៉ែត្រ និងប្រភេទខ្លាំងបំផុតបើកបានរហូតដល់ ៧១០ គីឡូម៉ែត្រ (ស្តង់ដារ CLTC) ក្នុងការសាកពេញម្តង។

លើសពីនេះ រថយន្តនេះក៏មានបំពាក់ប្រព័ន្ធ LiDAR និងប្រព័ន្ធជំនួយបើកបរវៃឆ្លាត God’s Eye B ដែលជួយឱ្យការបើកបរទាំងក្នុងក្រុង និងតាមផ្លូវជាតិកាន់តែមានសុវត្ថិភាពខ្ពស់។

តាមប្រភពព័ត៌មានពីទីផ្សារចិន រថយន្ត BYD Song Ultra EV នេះ ត្រូវបានគេរំពឹងថានឹងមានតម្លៃចាប់ផ្តើមប្រហែល ២៦,០៥០ ដុល្លារ (ឬប្រហែល ១៨០,០០០ យន់)៕