ក្រោយប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេល ២៣ឆ្នាំ, ប៉ែន ចំរុង សម្រេចបានស្នាដៃដំបូងរបស់ខ្លួនក្នុងនាមជាផលិតករភាពយន្ត

25-02-2026 17:33

(ភ្នំពេញ)៖ តារាសម្ដែងពហុជំនាញលោក ប៉ែន ចំរុង បានសម្រេចនូវសមិទ្ធផលលើកដំបូងរបស់ខ្លួនក្នុងទីផ្សារសិល្បៈ គឺការបើកសម្ពោធភាពយន្តជាស្នាដៃលើកដំបូង ក្នុងនាមជាផលិតករ បន្ទាប់ពីបានប្រឡូកក្នុងការងារសិល្បៈយ៉ាងឆ្អិនឆ្អៅ អស់រយៈពេល២៣ឆ្នាំ ដោយបានឆ្លងកាត់បទពិសោធយ៉ាងជោគជាំ។ ភាពយន្តដំបូងរបស់តារាសម្ដែងសំបូរមន្តស្នេហ៍លោក ប៉ែន ចំរុង មានចំណងជើងថា «ភូមិគ្រឹះម្លិះ» ត្រូវបានបើកពិធីសម្ពោធបញ្ចាំងនាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅផ្សារទំនើបជីបម៉ុង ២៧១ ដោយមានវត្តមានផលិតករជើងចាស់, តារាសម្ដែង, តារាចម្រៀងល្បីៗ, ដៃគូសហការ, ប្រធានសមាគមសិល្បករខ្មែរ, មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអ្នកគាំទ្រ និងមហាជនយ៉ាងច្រើនកុះករ។

ជាពិសេសក្នុងកម្មវិធីបើសម្ពោធភាពយន្តនេះ អ្នកចូលរួមបានសង្កេតឃើញមានការរៀបចំខ្លោងទ្វារបែបខ្មែរ​, ការសម្តែងលេងពិនបែបបុរាណ និងមានការឡើងច្រៀងពីសំណាក់តារាចម្រៀងល្បីៗ មានដូចជា តារាចម្រៀង ខាន់ ជេមស៍, លោក ខេម, លោក គូម៉ា និងលោក អៀម វាន្នី ក្រោមវត្តមានអ្នកសិល្បៈចូលរួមស្ទើរមួយចំហៀងប្រទេស។ ក្នុងនោះវត្តមានតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ក៏បានផ្ដល់កិត្តិយសចូលរួម ខណៈដែលកន្លងមកលោកមិនងាយបង្ហាញមុខ នៅក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តណាមួយណាស់។ ក្រៅពីនោះក៏មានវត្តមានតារាភាពយន្តជើងចាស់ជើងថ្មី, តារាចម្រៀងប្រចាំក្នុងផលិតកម្ម ហ្គាឡាស៊ី ណាវ៉ាត្រា, តារាតិកតុកល្បីៗ និងអ្នកអនឡាញល្បីៗជាច្រើនចូលរួមផងដែរ!។

ផលិតករវ័យក្មេងលោក ប៉ែន ចំរុង បានថ្លែងនៅចំពោះមុខមហាជនថា ថ្ងៃនេះលោកពិតជាសប្បាយរីករាយរកអ្វីប្រៀបផ្ទឹមពុំបាន ព្រោះការដាក់ដាំក្ដីប្រាថ្នាក្ដីស្រមៃ ក្នុងការចូលប្រឡុក្នុងវិស័យសិល្បៈរយៈពេល២៣ឆ្នាំកន្លងមកនេះ គឺបានសម្រេច ពោលគឺជាផលិតករភាពយន្ត និងបានដាក់បញ្ចាំងជូនអ្នកគាំទ្រទស្សនា ទាំងដែលលោកមិននឹកស្មានដល់។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ដែលលោកបានវិវឌ្ឍន៍ខ្លួនពីតារាសម្ដែង មកជាផលិតករភាពយន្តដោយខ្លួនឯង ក្នុងនោះលោកមិនភ្លេចនូវគុណនូបការៈជួយជ្រោមជ្រែង របស់ផលិតករជើងចាស់មាន លោក ហ្វៃ សំអាង, អ្នកស្រី ពាន់ ភួងបុប្ផា និងលោក គួច ខេវិន ដែលតែងតែណែនាំបង្ហាត់បង្ហាញផ្លូវ រហូតដល់លោកមានឈ្មោះបោះសំឡេងល្បីល្បាញ រហូតមកដល់សព្វថ្ងៃនេះ។

ពិធីករសម្បូរវោហាស័ព្ទលោក ប៉ែន ចំរុង បានលើកឡើងថា ដោយសារតែក្ដីស្រឡាញ់ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ពីសំណាក់អ្នកដឹកនាំជើងចាស់ទាំងអស់នេះ បានធ្វើឲ្យរូបលោកមានកម្លាំងចិត្ត តស៊ូពុះពារមិនខ្លាចនឿយហត់អស់ពេលជាច្រើនឆ្នាំ ព្រោះបើពុំមានក្ដីស្រឡាញ់ទេ មនុស្សគ្រប់រូប គឺធ្វើតែមួយថ្ងៃគឺហត់ហើយ។ លោកបានថ្លែងថា ឆ្លងការនូវការពិបាកជាច្រើនរបស់មហាជន ក្នុងបរិបទសព្វថ្ងៃនេះ ធ្វើឲ្យទស្សនិកជនស្មុគស្មាញអារម្មណ៍ និងមិនទាន់មានភាពយន្តណាមួយ ដែលធ្វើឲ្យមហាជនធូរស្បើយអារម្មណ៍នៅឡើយទេ ទើបលោកសម្រេចបញ្ចេញនូវស្នាដៃនេះ ជាលើកដំបូងសម្រាប់ឆ្នាំ២០២៦នេះ ដើម្បីឲ្យមហាជនបានទស្សនា និងបានរំសាយអារម្មណ៍រឿងដែលលោកបានដឹកនាំសម្ដែង។

តារាសម្ដែងចាស់វស្សាលោកប៉ែន ចំរុង បានថ្លែងបន្តថា ភាពយន្តរឿង «ភូមិគ្រឹះម្លិះ» បើអានចំណងជើងមួយភ្លែត គឺពិតជាសាមញ្ញ មិនគួរឲ្យចាប់អារម្មណ៍ឡើយ ប៉ុន្តែបើគិតឲ្យយូរៗទៅ និងពិចារណាឲ្យបានស៊ីជម្រៅ គឺពិតជាអស្ចារ្យ និងមានអ្វីប្លែកនៅក្នុងនោះ។ ដោយសារផ្កាម្លិះ ជាផ្កាដែលមានក្លិនក្រអូបផ្អែមល្ហែម និងមានប្រវត្តិយូរអង្វែងជាច្រើនសតវត្សរ៍មកហើយ។ វាត្រូវបានគេចាត់ទុកថា ជារុក្ខជាតិដ៏មានតម្លៃទាំងផ្នែកវប្បធម៌ សាសនា និងសិល្បៈ។ ផ្កាម្លិះត្រូវបានប្រើក្នុងពិធីបុណ្យសាសនា និងពិធីប្រពៃណីផ្សេងៗ ដោយជានិមិត្តរូបនៃភាពបរិសុទ្ធ និងសុភមង្គល។ បើនិយាយពីអត្ថន័យនៃផ្កាម្លិះ គឺតំណាងឲ្យភាពបរិសុទ្ធ សេចក្ដីស្រឡាញ់ ភាពស្មោះត្រង់ សេចក្ដីសុខ និងសុភមង្គល។

ផលិតករភាពយន្តរូបនេះ បានអះអាងទៀតថា ជាការពិតកន្លងមក ការគ្រប់គ្រងវិស័យភាពយន្តនៅក្នុងប្រទេសកម្ពុជា គឺស្ទើរតែទាំងស្រុងទៅហើយ ត្រូវបានប្រទេសជិតខាងគ្របដណ្ដប់ ប៉ុន្តែនៅពេលដែលយើងគ្មានភាពយន្ត របស់ប្រទេសជិតខាងចូលមក តើយើងគួរធ្វើយ៉ាងណា? លោកមើលឃើញថា ដល់ពេលដែលយើងត្រូវពង្រឹងវិស័យភាពយន្តរបស់យើងឲ្យរឹងមាំហើយ ជាពិសេសផលិតករទាំងចាស់ទាំងថ្មី ក៏កំពុងតែត្រៀមបញ្ចេញស្នាដៃជាបន្តបន្ទាប់។ អ្វីដែលលោកសំណូមពរ និងទទូចបន្ថែមនោះ គឺសូមឲ្យមហាជន និងអ្នកសិល្បៈដូចគ្នា មេត្តាជួយគាទ្រស្នាដៃរបស់ផលិតករខ្មែរយើង។ នៅពេលឧស្សាហកម្មភាពយន្តរីកឡើង គឺត្រូវតែមានអ្នកទ្រ អ្នកគាំទ្រប្រៀបដូចជាបានរួមចំណែកជួយដល់ប្រទេសជាតិ ជួយដល់សេដ្ឋកិច្ចជាតិ ពេលនោះយើងនឹងរីកចម្រើនទាំងអស់គ្នា។

លោក ប៉ែន ចំរុង ក៏មិនភ្លេចនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ផលិតករជើងចាស់ដែលធ្វើឲ្យលោកមានថ្ងៃនេះ ជាពិសេសគឺមហាជន និងអ្នកគាំទ្រ ដែលតែងតែគាំទ្ររាល់សកម្មភាពសិល្បៈរបស់លោក អស់រយៈពេលជាច្រើនឆ្នាំមកនេះ។ លោក ប៉ែន ចំរុង បានសង្កត់ធ្ងន់ថា ការតស៊ូក្នុងវិស័យសិល្បៈមិនមែនមួយថ្ងៃទទួលបានជោគជ័យទេ ហើយត្រូវអភិវឌ្ឍន៍ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ទើបបានជោគជ័យ។ លោកគូសរំលេចថា ចង់ឲ្យប្រទេសជាតិរឹងមាំ ទាល់តែមានសេដ្ឋកិច្ចរីកចម្រើន, សេដ្ឋកិច្ចរីកចម្រើន គឺដោយសារតែយើងគាំទ្រផលិតផលជាតិ សេវាកម្មជាតិ និងគាំទ្រភាពយន្តជាតិ ស្មើនឹងយើងជួយជាតិ និងការពារជាតិរបស់យើង។ លោកបន្តថា ប្រទេសយើងរឹងមាំ ដោយសារសេដ្ឋកិច្ចរឹងមាំ សេដ្ឋកិច្ចរឹងមាំដោយសារយើងស្នេហាជាតិ មានជាតិនិយម គាំទ្រផលិតផលជាតិ សេវាកម្មជាតិ ភាពយន្តជាតិ គឺស្មើនឹងស្រលាញ់ជាតិ ជួយជាតិ និងការពារជាតិ ប្រទេសយើងនឹងរឹតតែរឹងមាំ។

សូមបញ្ជាក់ថា ភាពយន្តរឿង «ភូមិគ្រឹះម្លិះ» នឹងចាក់បញ្ចាំងគ្រប់រោងកុនទាំងអស់ ចាប់ពីថ្ងៃទី២៦​ ខែកុម្ភ:​ ឆ្នាំ២០២៦នេះតទៅ។ ចង់ដឹងថា ស្នាដៃដំបូងរបស់ផលិតករ ប៉ែន ចំរុង មានលក្ខណៈប្លែកចំឡែកអារម្មណ៍, មានគុណភាព និងល្អមើលកម្រិតណា មហាជនមានតែទៅតាមដានទស្សនា នៅតាមបណ្ដារោងភាពយន្តទំនើបនានាទាំងអស់គ្នា..!៕