រុស្ស៊ីផាកពិន័យ Google ចំនួន «២០,០០០,០០០,០០០,០០០,០០០,០០០,០០០,០០០,០០០,០០០,០០០ ដុល្លារ» ដែលច្រើនជាងលុយទាំងអស់លើលោកបូកបញ្ចូលគ្នា! តើមកពីដើមចមអ្វី?
26-02-2026 10:04
(មូស្គូ-រុស្ស៊ី)៖ ថ្មីៗនេះ បណ្ដាញសង្គម និងពិភពបច្ចេកវិទ្យាបានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតុលាការរុស្ស៊ី បានចេញសេចក្ដីសម្រេចតម្កល់ការផាកពិន័យមហាសាលលើក្រុមហ៊ុន Google ក្នុងចំនួនទឹកប្រាក់ដែលសូម្បីតែមហាអំណាចសេដ្ឋកិច្ចក៏មិនអាចបង់បាន ហើយបើយោងតាមរបាយការណ៍ចុងក្រោយបំផុតក្នុងខែកុម្ភៈ ឆ្នាំ ២០២៦ គឺមានប្រហែល ២០ ដេស៊ីលីយាន - Decillion (លេខ ២០ បន្ថែមសូន្យ ៣៣ ខ្ទង់នៅពីក្រោយ) ឬ ២០,០០០,០០០,០០០,០០០,០០០,០០០,០០០,០០០,០០០,០០០,០០០ដុល្លារ។
ចំនួនទឹកប្រាក់ដ៏អស្ចារ្យនេះ ត្រូវបានគេគណនាឃើញថា ច្រើនជាងទំហំសេដ្ឋកិច្ចពិភពលោក (GDP) ដល់ទៅរាប់លានដង ហើយសូម្បីតែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានសារភាពថា លោកមិនអាចសូម្បីតែបញ្ចេញសំឡេងអានលេខនេះឱ្យត្រូវផងដែរ។
តើអ្វីទៅជាដើមចមនៃការពិន័យមិនចេះចប់នេះ? រឿងរ៉ាវដែលនាំឱ្យប្រាក់ពិន័យហក់ឡើងដល់ «តួលេខមិនអាចរាប់បាន» នេះ មិនមែនកើតឡើងក្នុងថ្ងៃនេះទេ ប៉ុន្តែវាគឺជាការសន្សំតាំងពីឆ្នាំ ២០២០ មកម្ល៉េះ។ កាលពីឆ្នាំ ២០២០ ក្រុមហ៊ុន Google (ម្ចាស់ YouTube) បានបិទគណនីបណ្ដាញផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី គឺ Tsargrad TV និង RIA FAN ក្រោមហេតុផលរំលោភលើទណ្ឌកម្មរបស់អាមេរិក។ តុលាការរុស្ស៊ីបានបង្គំឱ្យ Google បើកគណនីទាំងនោះវិញ បើមិនដូច្នោះទេ ត្រូវបង់ប្រាក់ពិន័យ ១០០,០០០ រូប (ប្រហែល ១,០០០ ដុល្លារ) ក្នុងមួយថ្ងៃ។ អ្វីដែលគួរឱ្យរន្ធត់បំផុតនោះគឺ តុលាការបានកំណត់ថា ប្រាក់ពិន័យនេះនឹងត្រូវ កើនឡើងទ្វេដងរៀងរាល់សប្តាហ៍ បើ Google នៅតែរឹងទទឹង។
ក្រោយការឈ្លានពានលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២ YouTube បានបិទគណនីរុស្ស៊ីបន្ថែមចំនួន ១៧ ទៀត ដែលធ្វើឱ្យចំនួនពាក្យបណ្ដឹងកើនឡើង និងធ្វើឱ្យល្បឿននៃការពិន័យគុណនឹង ២ នេះ កើនឡើងលឿនដូចរន្ទះ។ គិតត្រឹមដើមឆ្នាំ ២០២៦ នេះ ចំនួនទឹកប្រាក់បានកើនដល់ ៩១.៥ ឃ្វីនទីលីយាន (Quintillion) រូប ឬស្មើនឹងប្រហែល ២០ ដេស៊ីលីយានដុល្លារ មុនពេលតុលាការសម្រេចបង្កកការកើនឡើង (Cap) នៅត្រឹមថ្ងៃដែលសាខា Google ក្នុងប្រទេសរុស្ស៊ីក្ស័យធន។
ក្រុមហ៊ុន Google មិនមានបំណងនឹងបង់ប្រាក់នេះឡើយ។ ម្យ៉ាងទៀត សាខារបស់ Google នៅក្នុងប្រទេសរុស្ស៊ីបានប្រកាសក្ស័យធនតាំងពីឆ្នាំ ២០២២ មកម្ល៉េះ។ ដោយសារតែ Google មិនដែលបង់ប្រាក់សូម្បីតែមួយសេន និងមិនព្រមបើកគណនីឱ្យរុស្ស៊ីវិញអស់រយៈពេលជាច្រើនឆ្នាំមកនេះ ចំនួនលុយបានកើនឡើងពី ១,០០០ ដុល្លារ ទៅជារាប់លាន រាប់ទ្រីលាន រហូតដល់រាប់ «ដេស៊ីលីយាន» ដូចដែលយើងបានឃើញ។
តើនេះជាការបង្ខំឱ្យបង់ប្រាក់ ឬគ្រាន់តែជាល្បែងនយោបាយ? អ្នកជំនាញយល់ឃើញថា ការផាកពិន័យនេះគ្រាន់តែជា «និមិត្តរូប» ប៉ុណ្ណោះ ព្រោះគ្មានអ្នកណាអាចបង់បាន សូម្បីតែ Google លក់ក្រុមហ៊ុនទាំងមូល និងទ្រព្យសម្បត្តិទាំងអស់របស់ខ្លួន ក៏មិនអាចបង់បានសូម្បីតែ ១% នៃទឹកប្រាក់នេះដែរ មូលហេតុធំបំផុតនោះគឺ រុស្ស៊ីប្រើប្រាស់តួលេខនេះដើម្បីដាក់សម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យាបស្ចិមប្រទេស កុំឱ្យធ្វើការរើសអើងលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន៕








