Dubois បដិសេធពីការបង្ហាញកណ្តាប់ដៃ ទល់នឹងជើងឯកពិភពលោក Wardley ក្នុងសន្និសីទ
26-02-2026 10:17
(បរទេស)៖ កីឡាករប្រដាល់សកលទម្ងន់ធ្ងន់ពិភពលោក Daniel Dubois បានបដិសេធពីការធ្វើកណ្តាប់ដៃ ដើម្បីថតជុំគ្នាជាមួយគូប្រជែង Fabio Wardley ក្នុងការប្រឈមមុខដាក់គ្នាលើកដំបូងនៅឯសន្និសីទ ស្ថិតក្នុងទីក្រុង London កាលពីរាត្រីថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ជំនួបកម្រិតពិភពលោករវាងកីឡាករលំដាប់ជួរមុខអង់គ្លេសទាំងពីរនាក់ នឹងធ្វើឡើងនាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ នៅឯសង្វៀន Co-op Live Arena ស្ថិតក្នុងទីក្រុង Manchester ដើម្បីដណ្តើមខ្សែក្រវាត់ WBO របស់ Wardley។
Wardley វ័យ ៣១ឆ្នាំ ធ្លាប់ផ្តួលដៃគូសន្លប់បាន ១៩ដង ក្នុងចំណោមជ័យជម្នះសរុប ២០លើក និងជាលើកដំបូងរបស់គេដែរ ក្នុងការឡើងការពារខ្សែក្រវាត់ WBO ដែលទើបកាន់កាប់ ដោយសារជើងខ្លាំង Oleksandr Usyk សម្រេចចិត្តបោះបង់។
ចំណែកឯ Dubois វ័យ ២៨ឆ្នាំវិញ ក៏ជាអតីតម្ចាស់ខ្សែក្រវាត់ IBF ពិភពលោកផងដែរ ដែលទើបចាញ់ Usyk ដោយសន្លប់កាលពីរដូវក្តៅមុន ពីមួយប្រកួតចុងក្រោយរបស់លោក៕



