លោក Infantino ប្រារព្ធខួប ១០ឆ្នាំនៃការកាន់តំណែងប្រធានសហព័ន្ធ FIFA

26-02-2026 10:52

(បរទេស)៖ គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វាមានរយៈពេល ១០ឆ្នាំគត់របស់លោក Gianni Infantino ក្នុងការកាន់តំណែងប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្នុងរយៈពេល ១ទសវត្សរ៍មកនេះ ស្ថិតក្រោមការដឹកនាំរបស់លោក Infantino ដែលបានជាប់ឆ្នោត ដើម្បីឡើងមកដឹកនាំ FIFA ជំនួសលោក Sepp Blatter នោះ វាពោរពេញទៅដោយការកែទម្រង់ស៊ីជម្រៅ ការបន្ថែមក្រុមនៅ World Cup និងការប្រកួតនានាកាន់តែរំជើបរំជួលខ្លាំងឡើង។

នៅក្នុងរជ្ជកាលដឹកនាំរបស់លោក Infantino រាល់ការប្រកួតទាំងឡាយត្រូវបានរកឃើញថាមាន «តម្លាភាព និងសុវត្ថិភាព»

លោកបានថ្លែងប្រកបដោយអត្ថន័យថា «ខ្ញុំនឹងមិននឿយហត់ឡើយ ក្នុងការនាំយកបាល់ទាត់ត្រឡប់ទៅកាន់ FIFA និងនាំ FIFA ទៅកាន់បាល់ទាត់វិញ»

នៅក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ វាគ្មានមន្ទិលអ្វីឡើយពីសុខភាពហិរញ្ញវត្ថុរបស់ FIFA ដែលត្រូវបានគេរំពឹងថា អាចនឹងរកបានប្រាក់ចំណូលកើនដល់ ១៣ពាន់លានដុល្លារត្រឹមបំណាច់ឆ្នាំ២០២៦ ដែលចំណូលភាគច្រើនបានមកពីការរៀបចំកម្មវិធី Club World Cup និងដំឡើងតម្លៃសំបុត្រមិនធ្លាប់មាននៅ World Cup ផងនោះ។

ទោះជាយ៉ាងណា លោក Infantino ក៏បានប៉ះទង្គិចគ្នាជាមួយសម្ព័ន្ធកីឡាករ និងសហព័ន្ធនៅអឺរ៉ុបមិនតិចដងទេ ក៏ប៉ុន្តែបុរសសញ្ជាតិស្វីសកាត់អ៉ីតាលី ដែលអាចនិយាយបាន ៥ភាសាយ៉ាងស្ទាត់ជំនាញនោះ នៅតែអាចឈរជើង និងរៀបចំការប្រកួតលំដាប់ពិភពលោកបានដដែលមកទល់បច្ចុប្បន្ននេះ៕