សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងក្រុមហ៊ុន វឌ្ឍនៈ ចុះអនុស្សរណៈរៀបចំការប្រកួត ដើម្បីពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីប្រដាល់សកលកម្ពុជា សម្រាប់ការប្រកួតលើឆាកអន្តរជាតិ
26-02-2026 11:26
(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ទទួលបានការឧបត្ថម្ភធំ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាពីក្រុមហ៊ុន វឌ្ឍនៈ ក្រោយពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា លើភាពជាដៃគូឧបត្ថម្ភភេសជ្ជៈផ្តាច់មុខ រវាងសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងក្រុមហ៊ុន វឌ្ឍនៈ ដែលធ្វើឡើងនៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងការរៀបចំកម្មវិធីប្រកួតប្រដាល់សកលអាជីព Dragon The Golden Ring 2026 ដែលនឹងចាប់ផ្ដើមប្រកួតនៅចុងខែកុម្ភៈនេះ។
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក៏ដូចជាក្រុមហ៊ុន វឌ្ឍនៈ ជឿជាក់ថាកីឡាប្រដាល់សកលជាកីឡាមួយប្រភេទ ដែលមានសក្តានុពលខ្ពស់ក្នុងការនាំប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ហើយភាពជាដៃគូសហការគ្នានេះ គឺជាការបើកផ្លូវផ្តល់ឱកាសដល់កីឡាករ កីឡាការិនីប្រដាល់សកលកម្ពុជា តាមបណ្តាក្លឹបបានអភិវឌ្ឍសមត្ថភាពបទពិសោធន៍ ក៏ដូចជារួមចំណែកបង្កើតធនធានក្រុមជម្រើសជាតិ ប្រដាល់សកលកម្ពុជា ធ្វើឲ្យការប្រកួតកាន់តែទាក់ទាញ ទទួលបានការគាំទ្រកាន់តែខ្លាំងពីទស្សនិកជន។
កិច្ចសហការនេះ ក៏ជាការត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រកួតលើឆាកអន្តរជាតិជាច្រើន ដូចជាការប្រកួតអាស៊ីហ្គេមឆ្នាំ២០២៦ នៅប្រទេសជប៉ុន ការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី ការប្រកួតកីឡាអូឡាំពិកនាឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក។ ជាពិសេសដំណើរឆ្ពោះទៅដណ្តើមមេដាយ ក្នុងការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០៣១ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
នេះជាការជួយជ្រោមជ្រែង រួមចំណែកកាន់តែខ្លាំងពីសំណាក់ក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុនកូនខ្មែរដ៏លេចធ្លោ ហើយចូលរួមលើកស្ទួយអភិវឌ្ឍគ្រប់វិស័យកីឡានៅប្រទេសកម្ពុជា មិនថាវិស័យកីឡាបាល់ទាត់ វិស័យកីឡាប្រដាល់គុនខ្មែរ វិស័យកីឡាប្រដាល់សកល និងព្រឹត្តិការណ៍កីឡាគ្រប់ប្រភេទរួមទាំងការប្រកួតកីឡាថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអន្តរជាតិ។
គាំទ្រផលិតផលខ្មែរ គាំទ្រផលិតផលក្រុមហ៊ុន វឌ្ឍនៈ ដើម្បីវឌ្ឍនៈភាពវិស័យកីឡានៅប្រទេសកម្ពុជាកាន់តែរីកចម្រើន៕













