ប្រធានប្រដាល់សកល រំពឹងមានកីឡាករទទួលបានសិទ្ធិផ្លូវការប្រកួតអូឡាំពិកឡើងវិញ ក្រោយខកខានជាង ៥០ឆ្នាំ
26-02-2026 15:11
(ភ្នំពេញ)៖ លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា រំពឹងមានកីឡាករ-កីឡាការិនី អាចមានលទ្ធភាពប្រកួតប្រជែង ឈានទៅទទួលបានសិទ្ធិផ្លូវការ (Qualified) សម្រាប់ការប្រកួតកីឡាអូឡាំពិកឡើងវិញ នាថ្ងៃអនាគត ក្រោយខកខានជាង ៥០ឆ្នាំ ដោយសារបញ្ហាសង្គ្រាម និងឧបសគ្គមួយចំនួន។
ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីសហព័ន្ធបានចុះអនុស្សារណៈលើភាពជាដៃគូឧបត្ថម្ភភេសជ្ជៈផ្ដាច់មុខ ជាមួយក្រុមហ៊ុនវឌ្ឍនៈ នាថ្ងៃពុធកន្លងទៅ។ ប្រធានសហព័ន្ធខាងលើបានចាត់ទុកនេះ គឺជាការស្រាយនូវកង្វល់ដ៏ធំមួយ ដែលរាំងស្ទះដល់ការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនីជាច្រើនឆ្នាំកន្លងមក។
លោកថា ការគាំទ្រនេះ នឹងក្លាយជាកាលានុវត្តភាពថ្មី និងជាការបើកទំព័រប្រវត្តិសាស្រ្តដ៏សំខាន់ សម្រាប់សហព័ន្ធ ក្នុងការផ្តល់ឱកាសដល់កីឡាករ-កីឡាការិនីតាមបណ្តាក្លិប បានពង្រឹងសមត្ថភាព និងបង្កើនចំណូល ក៏ដូចជារួមចំណែកអភិវឌ្ឍគុណផលក្រុមជម្រើសជាតិប្រដាល់សកលត្រៀមចូលរួមការប្រកួតអន្តរជាតិនានាចាប់ពីឆ្នាំ២០២៦ តទៅ។
ឆ្លៀតឱកាសនោះ លោកក៏បានរំឮកនូវប្រវត្តិដ៏លេចធ្លោ អំឡុងទសវត្សរ៍៦០ ដោយមានកីឡាករប្រដាល់សកលកម្ពុជា ៤រូបបានជាប់ Qualified ចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ១៩៦៤ នៅជប៉ុន រួមមានលោក ឯក សំអាន, លោក ទូច ណុល, លោក យូ ជិនហុង និងលោក ខៀវ សឿន (ឡើងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ) ដែលជាកំណត់ត្រាខ្ពស់បំផុត។ បន្ទាប់មកមានកីឡាករ ២រូបទៀត គឺលោក គង់ ផា និងលោក សុទ្ធ ស៊ុន ដែលទទួលបានសិទ្ធិប្រកួតអូឡាំពិក ឆ្នាំ១៩៧២ នៅអាល្លឺម៉ង់ តែក្រោយមកប្រដាល់សកលកម្ពុជា ក៏ខកខានទទួលបានសិទ្ធិផ្លូវការវិញរហូតដល់បច្ចុប្បន្ន។
យ៉ាងណាក្រោយកង្វល់ខ្វះដៃគូឧបត្ថម្ភគាំទ្រត្រូវបានដោះស្រាយ ហើយឈានទៅរកការរៀបចំការប្រកួតកម្រិតអាជីពជាប្រចាំ លោករំពឹងថា ការអភិវឌ្ឍធនធានកីឡាករ-កីឡាការិនី ពិសេសក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា នឹងកាន់តែរីកចម្រើន ក្នុងការពង្រឹងសមត្ថភាពត្រៀមចូលរួមការប្រកួតលើឆាកអន្ដរជាតិ ទាំងកម្រិតតំបន់ ទ្វីប រហូតដល់ការប្រកួតជម្រុះអូឡាំពិក ដើម្បីឈានទៅទទួលបានសិទ្ធិផ្លូវការ សម្រាប់ការប្រកួតកីឡាអូឡាំពិកឡើងវិញ ក្រោយខកខានជាង ៥ទសវត្សរ៍កន្លងមក។
លោក ប៊ុយ សុភ័ណ្ឌ បានដាក់ក្ដីរំពឹងយ៉ាងដូច្នេះថា «សហព័ន្ធសង្ឃឹមថា ក្រោមការជួយឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនវឌ្ឍនៈ នាពេលនេះ យើងនឹងមានលទ្ធភាពអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនី ឈានទៅប្រកួតទទួលបានសិទ្ធិផ្លូវការសម្រាប់ការប្រកួតកីឡាអូឡាំពិក នាពេលអនាគតជាក់ជាមិនខាន»។
គួរដឹងថា កិច្ចសហការជាមួយវិស័យឯកជនខាងលើ គឺផ្ដោតលើការរៀបចំកម្មវិធីប្រដាល់សកលអាជីពប្រចាំខែ Dragon the Golden Ring លើកដំបូង ដែលនឹងចាប់ផ្ដើមពីចុងខែកុម្ភៈ រហូតដល់ខែធ្នូ ឆ្នាំ២០២៦ រួមជាមួយគម្រោងឧបត្ថម្ភគាំទ្រក្រុមជម្រើសជាតិ ចូលរួមការប្រកួតអន្ដរជាតិជាច្រើន ដូចជាការប្រកួតកីឡាអាស៊ី ឆ្នាំ២០២៦ នៅជប៉ុន, ការប្រកួតកីឡាអាស៊ីក្នុងសាល និងយុទ្ធគុន ឆ្នាំ២០២៦ នៅអារ៉ាប់ប៊ីសាអូឌីតជាដើម ហើយសហព័ន្ធក៏ចាត់ទុកនេះជាឱកាសពង្រឹងសមត្ថភាពកីឡាករត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៧ និងការប្រកួតជម្រុះអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិកផងដែរ៕






