ស្នងការនគរបាលរាជធានីភ្នំពេញ និងវិសាខា ទម្លាក់ក្រុមជើងឯក និងជើងឯករង ឡើងជួបគ្នាវគ្គ ១/២ នៃពានសម្ដេចក្រឡាហោម ស ខេង
27-02-2026 07:57
(ភ្នំពេញ)៖ ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៤ បានរកឃើញបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ខណៈក្រុមស្នងការនគរបាលរាជធានីភ្នំពេញ និងក្រុមខ្លាំងវិសាខា ត្រូវជួបគ្នា បន្ទាប់ពីក្រុមទាំងពីរ បានទម្លាក់ក្រុមជើងឯក និងជើងឯករងឆ្នាំចាស់រៀងៗខ្លួន។
សម្រាប់ជំនួបដ៏ជក់ចិត្តក្នុងវគ្គ ៨ក្រុមចុងក្រោយនាថ្ងៃពុធកន្លងទៅ ក្រុមស្នងការនគរបាលរាជធានីភ្នំពេញ បានយកឈ្នះដាច់លើក្រុមស្នងការនគរបាលខេត្តស្វាយរៀង ដែលជាក្រុមការពារតំណែងជើងឯក ដោយលទ្ធផល ៣-០សិត ក្នុងពិន្ទុ ២៥-២១, ២៥-២២ និង ២៥-១៩ពិន្ទុ ។ រីឯវិសាខា បានទម្លាក់ក្រុមជើងឯករងឆ្នាំចាស់ ក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣-០សិតដូចគ្នា ក្នុងពិន្ទុ ២៥-១៦, ២៥-១៥ និង ២៥-២០ពិន្ទុ។
ផ្អែកលើរូបមន្ដនៃការប្រកួតពានរង្វាន់កម្រិតទី២ បន្ទាប់ពីព្រឹត្តិការណ៍តេជោលីគនេះ ក្រុមស្នងការនគរបាលរាជធានីភ្នំពេញ និងវិសាខា នឹងត្រូវជួបគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈ ១គូទៀត គឺក្រុមកងពលធំអន្ដរាគមន៍លេខ៣ ត្រូវជួបក្រុមស្នងការនគរបាលខេត្តកោះកុង។ មុនដឹកដៃគ្នាឡើងវគ្គ ៤ក្រុមចុងក្រោយ ក្រុមកងពលធំអន្ដរាគមន៍លេខ៣ បានទម្លាក់លេខ៣ ឆ្នាំចាស់ បញ្ជាការដ្ឋានអង្គរក្ស (A) ដោយលទ្ធផល ៣-២សិត គ្រាដែលស្នងការនគរបាលខេត្តកោះកុង បានយកឈ្នះក្រុមស្នងការនគរបាលខេត្តព្រះសីហនុ ដោយលទ្ធផល ៣-១សិត។
ចំពោះការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែកុម្ភៈស្អែក នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ។ ចាំមើលតើក្រុមណាខ្លះ នឹងត្រូវឡើងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីឈានទៅប្រជែងជើងឯកពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦?
វគ្គផ្ដាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនាថ្ងៃទី១ ខែមីនាខាងមុខ៕







