ក្រុមហ៊ុន Hyundai Motor Group វិនិយោគជិត ៧ពាន់លានដុល្លារ បង្កើតមជ្ឈមណ្ឌលទិន្នន័យ AI និងរោងចក្រមនុស្សយន្តនៅកូរ៉េខាងត្បូង

27-02-2026 10:27

(បរទេស)៖ ក្រុមហ៊ុន Hyundai Motor Group និងរដ្ឋាភិបាលកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទឹកប្រាក់ប្រមាណ ៩ ទ្រីលានវ៉ុន (ប្រហែល ៦.២៦ ពាន់លានដុល្លារអាមេរិក) ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI រោងចក្រផលិតមនុស្សយន្ត និងគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀតនៅក្នុងតំបន់ឆ្នេរខាងលិចនៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

យោងតាមក្រសួងដែនដីកូរ៉េខាងត្បូង ព័ត៌មានលម្អិតនៃគម្រោងនេះរួមមាន៖
* មជ្ឈមណ្ឌលទិន្នន័យ AI៖ ក្រុមហ៊ុន Hyundai នឹងចំណាយប្រាក់ប្រហែល ៥.៨ ទ្រីលានវ៉ុន ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI ដែលនឹងបំពាក់នូវអង្គប្រតិបត្តិការក្រាហ្វិក (GPUs) ចំនួន ៥០,០០០ គ្រឿង។
* រោងចក្រមនុស្សយន្ត៖ ក្រុមហ៊ុននឹងចំណាយថវិកា ៤០០ពាន់លានវ៉ុន លើការសាងសង់រោងចក្រផលិតមនុស្សយន្ត រួមទាំងប្រភេទមនុស្សយន្តដែលអាចពាក់ជាប់នឹងខ្លួនបាន (Wearable robots)។
* ថាមពលស្អាត៖ ក្រុមហ៊ុននឹងវិនិយោគ ១ ទរីលានវ៉ុន លើហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលអ៊ីដ្រូសែន និង ១.៣ ទ្រីលានវ៉ុន ទៀតលើការផលិតថាមពលពន្លឺព្រះអាទិត្យ។

តំបន់ Saemangeum គឺជាគម្រោងចាក់ដីបំពេញសមុទ្រដ៏ធំសម្បើមរបស់ជាតិ ដែលបានចាប់ផ្តើមតាំងពីជាង ២០ ឆ្នាំមុន នៅឆ្នេរខាងលិចនៃប្រទេស។ គោលបំណងដំបូងគឺដើម្បីពង្រីកដីកសិកម្ម ប៉ុន្តែក្រោយមកត្រូវបានប្តូរមកជាការបង្កើតបណ្តុំឧស្សាហកម្មវិញ ដើម្បីជំរុញសេដ្ឋកិច្ចនៅក្នុងតំបន់ដែលធ្លាប់តែត្រូវបានគេចាត់ទុកថាជាតំបន់ជួបការលំបាក។ ងាកមក ខេត្ត Jeolla ដែលជាទីតាំងនៃគម្រោងនេះ គឺជាមូលដ្ឋានគាំទ្របែបប្រពៃណីសម្រាប់ក្រុមអ្នកនយោបាយសេរីនិយម រួមទាំងគណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតី Lee Jae Myung ផងដែរ៕