Man Utd បញ្ជាក់ថា ការដកគ្រូបង្វឹក Amorim ចេញពីតំណែង ធ្វើឱ្យក្លិបខាតបង់ជិត ១៦លានផោន
27-02-2026 10:33
(បរទេស)៖ Manchester United បានចេញមកប្រកាសក្តែងៗថា ការដកគ្រូបង្វឹកលោក Ruben Amorim ចេញពីតំណែង បានញ៉ាំងឱ្យក្លិបបិសាចក្រហមមួយនេះខាតបង់ទឹកប្រាក់ប្រមាណជិត ១៦លានផោន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កំណត់ត្រារបស់អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ខាងលើនេះ គឺដឹកនាំ Man Utd ឈ្នះ ២៤ដង និងចាញ់ ២១ដង ក្នុងចំណោម ៦៣ប្រកួតសរុប។ នេះជាស្ថិតិដ៏អន់បំផុតមួយ បើធៀបទៅនឹងគ្រូបង្វឹកអចិន្រ្តៃយ៍របស់ក្លិបបិសាចក្រហមដទៃទៀត។
គ្រូបង្វឹកវ័យ ៤១ឆ្នាំ Amorim ត្រូវបានបញ្ចប់តំណែងកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ក្រោយការរិះគន់ជាសាធារណៈ បន្ទាប់ពីក្លិប Man Utd បានបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១ ទល់នឹង Leeds United ក្នុងលីគអង់គ្លេស Premier League 2025-26។
ដោយផ្អែកតាមរបាយការណ៍ដែលចេញផ្សាយដោយទីផ្សារភាគហ៊ុន New York Stock Exchange កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញបានបង្ហាញថា ក្រុមខ្លាំងប្រចាំទីក្រុង Manchester មួយនេះ រកចំណូលបាន ៣២.៦លានផោនក្នុងត្រីមាសទី២ គិតចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
United ក៏បានប្រកាសពីប្រាក់ពលកម្មរបស់លោក Amorim នៅអំឡុងធ្វើការនៅកីឡដ្ឋាន Old Trafford មានចំនួន ៦.៣លានផោន ក្រោយការចាកចេញពីក្លិប Sporting កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមតម្លៃផ្តាច់កិច្ចសន្យា ១៥.៩លានផោនផងដែរ។
ទោះជាយ៉ាងណាគិតមកទល់ពេលនេះ លោក Amorim នៅមិនទាន់ចេញមកបញ្ជាក់ពីការចែកផ្លូវគ្នានេះជាសាធារណៈនោះទេ ក្នុងនាមគ្រូបង្វឹកមួយរូបដែលមានប្រាក់សំណងខ្ពស់ ស្របពេល United ក៏ធ្លាប់បានប្រកាសស្រដៀងគ្នានេះដែរកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ពួកគេបានបង់ប្រាក់ចំនួន ១១លានផោនទៅឱ្យ Sporting ក្នុងការយកជួលលោក Amorim មកដឹកនាំបិសាចក្រហមជំនួសកៅអីលោក Erik ten Hag ដែលត្រូវបានដកតំណែង និងបង់សំណង ១០.៤លានផោន៕



