Meta ចាប់ដៃគូជាមួយ Google បោះទុនរាប់ពាន់លានដុល្លារ ជួលបន្ទះឈីបយកមកពង្រឹង AI

27-02-2026 11:44

(បរទេស)៖ ក្រុមហ៊ុន Meta ដែលជាមេធំរបស់ Facebook បានសម្រេចចិត្តចុះកិច្ចព្រមព្រៀងតម្លៃរាប់ពាន់លានដុល្លារ ដើម្បីជួលបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ពីគូប្រជែង Google យកមកអភិវឌ្ឍម៉ូដែល AI ជំនាន់ថ្មីរបស់ខ្លួន។ យោងតាមរបាយការណ៍ពីសារព័ត៌មាន The Information និងត្រូវបានចុះផ្សាយបន្តដោយ​ CNA នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា កិច្ចព្រមព្រៀងរយៈពេលច្រើនឆ្នាំនេះ បានធ្វើឡើងខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗទូទាំងពិភពលោក កំពុងសម្រុកបញ្ចេញកញ្ចប់ថវិកាយ៉ាងមហិមា ដើម្បីដណ្តើមយកគ្រឿងបន្លាស់ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់បច្ចេកវិទ្យា AI។​

ក្រៅពី Google ក្រុមហ៊ុន Meta ក៏បានចំណាយលុយយ៉ាងសន្ធឹកសន្ធាប់ទៅលើដៃគូផ្គត់ផ្គង់ផ្សេងទៀតផងដែរ។ កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន AMD បានបង្ហើបថា ខ្លួននឹងលក់បន្ទះឈីប AI ឱ្យទៅ Meta ក្នុងតម្លៃរហូតដល់ ៦០ ពាន់លានដុល្លារ ហើយ Meta ក៏ទើបតែចុះកិច្ចសន្យាទិញបន្ទះឈីបបច្ចុប្បន្ន និងអនាគតពីក្រុមហ៊ុន Nvidia ដែលជាអ្នកនាំមុខគេក្នុងទីផ្សារនេះថែមទៀតផង។ ការបោះទុនដ៏ខ្លាំងក្លានេះ បង្ហាញពីមហិច្ឆតារបស់លោក Mark Zuckerberg ក្នុងការឈរនៅជួរមុខគេនៃវិស័យ AI។

ដោយឡែកសម្រាប់ Google ការសម្រេចចិត្តជួលបន្ទះឈីប TPU (Tensor Processing Units) ឱ្យទៅ Meta គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយ។ យោងតាមការចុះផ្សាយរបស់ Reuters កាលពីខែធ្នូ Google កំពុងជំរុញឱ្យបន្ទះឈីប TPU របស់ខ្លួនក្លាយជា «ជម្រើសដ៏មានសក្តានុពលមួយជំនួសឱ្យបន្ទះឈីប GPUs របស់ Nvidia»។ ការលក់ និងជួលបន្ទះឈីបនេះ បានក្លាយជាក្បាលម៉ាស៊ីនរកចំណូលថ្មីសម្រាប់ Google ដើម្បីបង្ហាញទៅកាន់អ្នកវិនិយោគថា ការវិនិយោគរាប់ឆ្នាំលើ AI របស់ខ្លួន ចាប់ផ្តើម «បង្កើតជាផលចំណេញត្រឡប់មកវិញហើយ»

គួរជម្រាបថា បច្ចុប្បន្ន Meta ក៏កំពុងចរចាជាមួយ Google ក្នុងការទិញបន្ទះឈីប TPU ទាំងនោះយកមកដាក់ក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួនដោយផ្ទាល់នៅឆ្នាំក្រោយ។ ទន្ទឹមនឹងនេះ Google ក៏បានចាប់ដៃជាមួយក្រុមហ៊ុនវិនិយោគធំមួយ ដើម្បីបង្កើតសេវាកម្មជួលបន្ទះឈីប AI ដល់អតិថិជនផ្សេងទៀត ដែលនេះសបញ្ជាក់ឱ្យឃើញថា សង្គ្រាមបច្ចេកវិទ្យា AI មិនមែនមានតែលើផ្នែកទិន្នន័យនោះទេ ប៉ុន្តែវាជាសង្គ្រាមដណ្តើម «កម្លាំងខួរក្បាល» នៃបន្ទះឈីបផងដែរ៕