លីគកំពូលកម្ពុជា ឈានដល់ការប្រកួតដំណាក់កាលទី២ ក្រោយរកឃើញបេក្ខភាព Top-6 និង Bottom-5
27-02-2026 12:57
(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥/២៦ នឹងបន្ដការប្រកួតសន្សំពិន្ទុ ដំណាក់កាលទី២ នាចុងសប្ដាហ៍នេះ ក្រោយចំណាយពេលកន្លះឆ្នាំ ក្នុងការប្រកួតដំណាក់កាលទី១ ចំនួន ២ជើង ហើយបានបែងចែកបេក្ខភាពក្រុមកំពូលតារាងទាំង ៦ (Top-6) និងបេក្ខភាព ៥ក្រុមខាងក្រោម (Bottom-5) រួចរាល់កាលពីពេលថ្មីៗ។
សម្រាប់ការប្រកួតដំណាក់កាលទី២ នេះដែរ ទាំងបេក្ខភាព Top-6 និង Bottom-5 សុទ្ធតែត្រូវបន្ដការប្រកួតសន្សំពិន្ទុ ២ជុំទៀត ដើម្បីកំណត់ចំណាត់ថ្នាក់ប្រចាំរដូវកាល ពិសេសបេក្ខភាព Top-6 ដែលត្រូវប្រជែងជើងឯក ដោយរាប់ពិន្ទុបន្ដពីការប្រកួតដំណាក់កាលទី១ ដែលកំពុងគ្រងកំពូលតារាងដោយក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង។
ចំពោះកម្មវិធីប្រកួតបើកឆាកវគ្គខ្លាំង ប៉ះខ្លាំងខាងលើ ក្នុងចំណោមក្រុម Top-6 សុទ្ធតែត្រូវជួបគ្នានាល្ងាចថ្ងៃទី២៨ ខែកុម្ភៈ រួមមានក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមកំពុងឡើងជើង អឹមអូអាយ កំពង់ដេវ៉ា ស្របពេលភ្នំពេញក្រោន ត្រូវជួបម្ចាស់ផ្ទះអង្គរថាយហ្គឺរ និងក្រុមណាហ្គាវើលដ៏ ត្រូវជួបបឹងកេត នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
ទន្ទឹមជាមួយគ្នា ក៏នឹងមានការប្រកួតរវាងបេក្ខភាព Bottom-5 ចំនួន ២គូ នាថ្ងៃទី០១ ខែមីនាចុងសប្ដាហ៍នេះផងដែរដោយក្រុមកងយោធពលខេមរភូមិន្ទ ត្រូវជួបម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ និងក្រុម ISI ដង្កោសែនជ័យ ត្រូវជួប ហើយក៏ត្រូវការឈ្នះក្រុមឡាយហ្វខេត្តព្រះសីហនុ ដើម្បីគេចពីបាតតារាង។ រីឯក្រុមវិសាខា ដែលធ្លាក់ពី Top-6 លើកដំបូង មិនមានការប្រកួតក្នុងសប្ដាហ៍នេះឡើយ។
គួរដឹងថា គិតត្រឹមដំណាក់កាលទី១ នៃលីគកំពូលកម្ពុជា រដូវកាលនេះ ព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងមាន ៥១ពិន្ទុ នាំមុខ ៥ពិន្ទុលើភ្នំពេញក្រោន ដែលឈរលេខ២ មាន ៤៦ពិន្ទុ តែមានគម្លាតពិន្ទុឆ្ងាយពីគូប្រជែងផ្សេងទៀត រួមមានអង្គរថាយហ្គឺរ ឈរលេខ៣ មាន ៣៦ពិន្ទុ, ណាហ្គា ឈរលេខ៤ មាន ៣៥ពិន្ទុ, បឹងកេត ឈរលេខ៥ មាន ៣២ពិន្ទុ និង អឹមអូអាយ កំពង់ដេវ៉ា ឈរលេខ៦ មាន ៣០ពិន្ទុ៕









