ខណៈ ដូណាល់ ត្រាំ បន្ធូរបន្ថយការរឹតត្បិតបច្ចេកវិទ្យាលើចិន ច្បាប់គ្រប់គ្រងការនាំចេញរបស់ទីក្រុងប៉េកាំងចាប់ផ្តើមបង្ហាញឥទ្ធិពលពេញលេញ
27-02-2026 14:27
(បរទេស)៖ ជិតមួយឆ្នាំ បន្ទាប់ពីប្រទេសចិនបានពង្រីកការត្រួតពិនិត្យលើការនាំចេញរ៉ែកម្រ (rare-earth) ដោយសំអាងថា ដើម្បីរារាំងកុំឱ្យកងទ័ពបរទេសយកទៅប្រើប្រាស់ ក្រុមអ្នកនាំចេញនៅតែបន្តចោទសួរនូវសំណួរជាមូលដ្ឋានមួយថា តើនៅពេលណាដែលមេដែកតូចមួយ អាចប្រែក្លាយផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ឱ្យទៅជាទំនិញដែលត្រូវជាប់កម្រិតត្រួតពិនិត្យ? នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្រុមហ៊ុនផលិតផលិតផលជាច្រើន ចាប់តាំងពីប្រអប់ដាក់ថ្នាំពេទ្យ, ផ្ទាំងប៉ាណូបោះពុម្ព, គ្រឿងបន្លាស់ម៉ូទ័រ រហូតដល់កញ្ចក់អុបទិក ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលកំពុងកើនឡើងចំនួន ដែលបានសាកសួរទៅកាន់ក្រសួងពាណិជ្ជកម្មចិនថា តើពួកគេត្រូវការអាជ្ញាប័ណ្ណនាំចេញដែរឬទេ? ទីក្រុងប៉េកាំងកំពុងពង្រីកកម្លាំងអនុវត្តច្បាប់នាំចេញ និងបង្ខំឱ្យមានការអនុលោមតាមច្បាប់នៅទូទាំងប្រទេស ទោះបីជាវាធ្វើឱ្យកើនឡើងនូវការចំណាយសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងធ្វើឱ្យការដឹកជញ្ជូនទំនិញមានការលំបាកជាងមុនក៏ដោយ។
ការពិនិត្យឡើងវិញរបស់ភ្នាក់ងារ Reuters លើការសាកសួរសាធារណៈជាង ២០០ករណី អំពីការអនុលោមតាមការត្រួតពិនិត្យការនាំចេញ ផ្ញើទៅកាន់ក្រសួងពាណិជ្ជកម្មចិន ចន្លោះឆ្នាំ២០១៩ រហូតដល់ដើមខែកុម្ភៈនេះ បានបង្ហាញឱ្យឃើញពីការកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីការត្រួតពិនិត្យរ៉ែកម្រត្រូវបានរឹតបន្តឹងកាលពីខែមេសាឆ្នាំមុន។ ក្នុងពេលជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោនបានបន្ធូរបន្ថយការរឹតត្បិតការនាំចេញមួយចំនួនលើផលិតផលដូចជា បន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់ ក្នុងអំឡុងអាណត្តិទីពីររបស់ប្រធានាធិបតី ដូណាល់ ត្រាំ បន្ទាប់ពីការរឹតត្បិតរបស់ចិនលើការនាំចេញរ៉ែកម្រ បានគំរាមកំហែងដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល ចាប់តាំងពីវិស័យរថយន្ត, បច្ចេកវិទ្យា, ថាមពល, លំហអាកាស និងវិស័យការពារជាតិ។
ការត្រួតពិនិត្យការនាំចេញរបស់ភាគីទាំងសងខាង ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រធានបទក្តៅ ខណៈដែលលោក Trump និងប្រធានាធិបតីចិន លោក Xi Jinping នឹងជួបគ្នានៅទីក្រុងប៉េកាំងនាចុងខែមីនា សម្រាប់ការពិភាក្សាដោយផ្ទាល់ជាលើកទីពីរ ចាប់តាំងពីលោក Trump ត្រឡប់មកកាន់តំណែងវិញ។ ជំនួបនេះគឺជាការសាកល្បងដ៏សំខាន់មួយថា តើបទឈប់បាញ់ផ្នែកពាណិជ្ជកម្មដ៏ផុយស្រួយរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក អាចបន្តទៅមុខទៀតបានដែរឬទេ?
លោក Alfredo Montufar-Helu នាយកគ្រប់គ្រងនៃក្រុមហ៊ុនប្រឹក្សាយោបល់ Ankura ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានលើកឡើងថា៖ «អ្វីដែលយើងកំពុងឃើញនៅក្នុងប្រទេសចិន គឺការកសាងយ៉ាងឆាប់រហ័សនូវប្រព័ន្ធត្រួតពិនិត្យការនាំចេញដ៏ទូលំទូលាយមួយ ដែលត្រូវបានរចនាឡើងដើម្បីប្រើប្រាស់ចំណុចយុទ្ធសាស្ត្រសំខាន់ៗ (chokepoints) ជាអាវុធ ទាំងក្នុងវិស័យយុទ្ធសាស្ត្រ និងមិនមែនយុទ្ធសាស្ត្រ»។ លោកបានបន្ថែមថា៖ «ការដែលសហរដ្ឋអាមេរិកកំពុងទាញខ្សែរឹតត្បិតរបស់ខ្លួនមកវិញខ្លះ គឺជាការទទួលស្គាល់ដោយផ្ទាល់នូវអំណាចចរចាដ៏ធំធេងរបស់ចិនដែលកំពុងកើនឡើង»។
យ៉ាងណាមិញ ជុំវិញព័ត៌មានខាងលើ ក្រសួងពាណិជ្ជកម្មចិន មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះនៅឡើយទេ៕












