ប្រធានក្លិប៖ SHADA FC មានគោលបំណងគាំទ្រដល់ការរីកចម្រើននៃបាល់ទាត់កម្ពុជា
27-02-2026 16:03
(ភ្នំពេញ)៖ លោក Semo Elfar ប្រធានក្លិបបាល់ទាត់ SHADA FC នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា លោកមានគោលបំណងគាំទ្រដល់ការរីកចម្រើននៃបាល់ទាត់កម្ពុជា ហេតុនេះហើយបានជាក្លិបរបស់លោកត្រៀមខ្លួនលេងនៅលីគកម្ពុជាលំដាប់ទី២ (Cambodian League 2) នៅរដូវកាលក្រោយ។
នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្លិបបាល់ទាត់ SHADA FC បានប្រកាសពីជំនួបរវាងក្លិប និងក្រុមហ៊ុនលីគកំពូលកម្ពុជា ពីការត្រៀមខ្លួនចូលលេងលីកកម្ពុជាលំដាប់ទី២ ចាប់ពីថ្ងៃទី0២ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
លោក Semo Elfar ដែលជាជនជាតិអេហ្ស៉ីប គឺជាប្រធានក្រុម បានឲ្យដឹងពីមូលហេតុដែលការចាប់ផ្តើមដំបូង ក្លិបរបស់លោកលេងនៅលីកកម្ពុជាលំដាប់ទី២។
តាមរយៈបទសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News លោកបានបញ្ជាក់យ៉ាងដូច្នេះ «យើងជឿជាក់ថា នេះគឺជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ SHADA FC ដើម្បីរីកចម្រើនទៅជាក្លិបដែលមានរចនាសម្ព័ន្ធ និងប្រកួតប្រជែងកាន់តែច្រើន។ League 2 ផ្តល់នូវបរិយាកាសវិជ្ជាជីវៈដែលនឹងជួយយើងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង ការអភិវឌ្ឍកីឡាករ និងស្តង់ដាររួមរបស់យើង។ វាគឺជាជំហានជាក់ស្តែង និងជាយុទ្ធសាស្ត្រឆ្ពោះទៅមុខសម្រាប់ការអភិវឌ្ឍន៍ក្លិបរបស់យើង»។
លោកបានឲ្យដឹងទៀតថា ចក្ខុវិស័យរយៈពេលវែងរបស់ក្លិប គឺការកសាងក្លិបដែលមានស្ថិរភាព និងប្រកួតប្រជែងក្នុងរយៈពេលពី ៥ ទៅ ១០ឆ្នាំខាងមុខ និងមានគោលបំណងលើកកម្ពស់លីគកំពូលកម្ពុជា។ ក្លិបក៏មានគម្រោងអភិវឌ្ឍប្រព័ន្ធយុវជនដ៏រឹងមាំ និងបង្កើតឱកាសសម្រាប់កីឡាករកម្ពុជាវ័យក្មេងផងដែរ។
លោក Semo Elfar បានបន្ថែមថា SHADA FC មានគោលបំណងគាំទ្រដល់ការរីកចម្រើននៃបាល់ទាត់កម្ពុជា ដោយអភិវឌ្ឍទេពកោសល្យក្នុងស្រុកដែលមានវិន័យ ជាពិសេសកីឡាករវ័យក្មេង លើកកម្ពស់វិជ្ជាជីវៈ និងរួមចំណែកជាវិជ្ជមានដល់សហគមន៍បាល់ទាត់ទាំងនៅលើទីលាន និងក្រៅទីលាន។ សំខាន់ជាងនេះទៅទៀត មហិច្ឆតារបស់ក្លិប លើសពីការប្រកួតប្រជែង។ ក្លិបមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការរីកចម្រើននៃបាល់ទាត់នៅកម្ពុជា ដោយបង្កើតឱកាសសម្រាប់ពួកគេ និងបំផុសគំនិតមនុស្សជំនាន់ក្រោយ។ ក្លិបជឿជាក់ថា បាល់ទាត់ គឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយ ដើម្បីបង្រួបបង្រួមសហគមន៍ និងកសាងមោទនភាពសម្រាប់ប្រទេសដ៏ស្រស់ស្អាតនេះ ក្នុងតំបន់ និងលើឆាកអន្តរជាតិ។
«យើងមានទំនុកចិត្តថាជំហាននេះមិនត្រឹមតែឆ្លុះបញ្ចាំងពីមហិច្ឆតារបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទំនួលខុសត្រូវរបស់យើងក្នុងការរួមចំណែកជាវិជ្ជមានដល់កីឡាបាល់ទាត់កម្ពុជានាពេលអនាគតផងដែរ»។ នេះបើតាមលោក Semo Elfar។
សូមជម្រាបថា លីកកម្ពុជាលំដាប់ទី២ បានផ្អាកដោយសារបញ្ហាហិរញ្ញវត្ថុរបស់ក្លិបចូលរួមមួយចំនួន និងការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីលើកកម្ពស់គុណភាពលីកកំពូលកម្ពុជា។ ចាប់ពីរដូវកាលក្រោយទៅក្រុមបាតតារាងលីកកំពូលកម្ពុជា នឹងត្រូវកាត់ចេញឲ្យទៅលេងនៅលីកកម្ពុជាលំដាប់ទី២ ដោយមិនមានការលើកលែងឡើយ៕





