របកគំហើញថ្មី៖ អ្នកវិទ្យាសាស្ត្រចិនបង្កើត «ថ្មលីចូមជំនាន់ថ្មី» ខ្លាំងជាងមុន ៣ដង និងធន់នឹងភាពត្រជាក់ខ្លាំង
27-02-2026 16:32
(ប៉េកាំង)៖ ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Nankai និងវិទ្យាស្ថានស្រាវជ្រាវអវកាសចិន បានប្រកាសពីជោគជ័យក្នុងការបង្កើតប្រព័ន្ធ «អេឡិចត្រូលីតថ្មី» ដែលជួយឱ្យថ្មលីចូមមានសមត្ថភាពខ្ពស់ហួសពីការស្មាន។ របកគំហើញនេះត្រូវបានចុះផ្សាយក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រពិភពលោក Nature កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
ចំណុចពិសេសបំផុតនៃរបកគំហើញនេះ រួមមាន ថាមពលមហាសាល ដោយថ្មថ្មីនេះមានដង់ស៊ីតេថាមពលរហូតដល់ 700Wh/kg។ បើធៀបនឹងថ្ម Qilin របស់ក្រុមហ៊ុន CATL ដែលខ្លាំងបំផុតនាពេលបច្ចុប្បន្ន (មានត្រឹមតែ ២៥៥Wh/kg) គឺថ្មថ្មីនេះខ្លាំងជាងជិត ៣ដង។ ធន់នឹងភាពត្រជាក់ ដោយ ថ្មលីចូមទូទៅពិបាកដំណើរការក្នុងអាកាសធាតុត្រជាក់ ប៉ុន្តែបច្ចេកវិទ្យាថ្មីនេះអនុញ្ញាតឱ្យថ្មដើរដោយរលូនសូម្បីតែក្នុងសីតុណ្ហភាព -៥០°C។
ក្រុមស្រាវជ្រាវបានផ្លាស់ប្តូរធាតុផ្សំក្នុងអេឡិចត្រូលីត ដោយប្រើសារធាតុរំលាយប្រភេទថ្មី (Hydrocarbon & Fluorinated) ដែលជួយឱ្យការចម្លងថាមពលដើរបានលឿន និងមានប្រសិទ្ធភាពជាងមុន ទោះស្ថិតក្នុងស្ថានភាពអាកាសធាតុអាក្រក់ក៏ដោយ។
សាស្ត្រាចារ្យ Chen Jun បានបញ្ជាក់ថា ថ្មនេះនឹងក្លាយជា «បដិវត្តន៍ថ្មី» សម្រាប់យានយន្តអគ្គិសនី ជួយឱ្យឡានរត់បានចម្ងាយឆ្ងាយជាងមុនខ្លាំង ចំណែកសម្រាប់មនុស្សយន្ត និងយន្តហោះអគ្គិសនី គឺផ្ដល់ថាមពលខ្លាំងក្នុងទម្ងាយស្រាល។ ចំពោះវិស័យអវកាស គឺ ប្រើប្រាស់លើឧបករណ៍អវកាសដែលត្រូវរងភាពត្រជាក់ខ្លាំងក្នុងលំហ។
អ្នកជំនាញយល់ថា ប្រសិនបើបច្ចេកវិទ្យានេះត្រូវបានយកមកប្រើប្រាស់ក្នុងទ្រង់ទ្រាយធំ វានឹងជួយលុបបំបាត់ដែនកំណត់នៃថ្មលីចូមដែលយើងកំពុងប្រើសព្វថ្ងៃ។
តើ "700Wh/kg" មានន័យដូចម្ដេចចំពោះអ្នកប្រើប្រាស់? វាមានន័យថា ក្នុងទម្ងាយថ្ម ១គីឡូក្រាមដូចគ្នា ថ្មថ្មីនេះអាចផ្ទុកថាមពលបានច្រើនជាងថ្មសព្វថ្ងៃជិត ៣ដង។ បើឡានអគ្គិសនីបច្ចុប្បន្នជិះបាន ៥០០គីឡូម៉ែត្រ ពេលប្ដូរមកប្រើថ្មនេះ វាអាចជិះបានរហូតដល់ជិត ១,៥០០គីឡូម៉ែត្រ៕










