ក្រុមហ៊ុន Block របស់មហាសេដ្ឋី Jack Dorsey ដេញបុគ្គលិកជាង ៤,០០០នាក់ ដើម្បីយក AI មកជំនួសវិញ

27-02-2026 16:46

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Block របស់លោក Jack Dorsey បានប្រកាសកាត់បន្ថយបុគ្គលិកជាង ៤,០០០ នាក់ (ជិតពាក់កណ្តាលនៃចំនួនសរុប) ដើម្បីប្តូរមកប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងប្រតិបត្តិការវិញ។ ការសម្រេចចិត្តនេះបានធ្វើឱ្យតម្លៃភាគហ៊ុនក្រុមហ៊ុនហក់ឡើងដល់ ២៥% ភ្លាមៗ ដោយសារអ្នកវិនិយោគរំពឹងថា AI នឹងជួយកាត់បន្ថយចំណាយបានយ៉ាងច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក Jack Dorsey នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនបានបញ្ជាក់ថា៖ «ឧបករណ៍ឆ្លាតវៃ (AI) បានផ្លាស់ប្តូររបៀបដំណើរការក្រុមហ៊ុន។ ក្រុមការងារដែលមានសមាជិកតិច ប៉ុន្តែចេះប្រើឧបករណ៍ទាំងនេះ គឺអាចធ្វើការបានច្រើន និងល្អជាងមុន»។ លោកបានបន្ថែមថា ក្រុមហ៊ុនភាគច្រើនកំពុងតែយឺតពេលក្នុងការទទួលយកការពិតនៃយុគសម័យ AI នេះ។

គួរជម្រាបថា ព្រឹត្តិការណ៍នេះគឺជាសញ្ញាអាសន្នមួយបង្ហាញថា AI កំពុងចាប់ផ្តើមផ្លាស់ប្តូរទីផ្សារការងារជាក់ស្តែង។ ទោះបីជាមានការបញ្ឈប់បុគ្គលិកច្រើនក៏ដោយ ប៉ុន្តែប្រាក់ចំណេញរបស់ Block ជាពិសេសតាមរយៈកម្មវិធី Cash App នៅតែបន្តកើនឡើងយ៉ាងខ្លាំង ដែលបង្ហាញថាការប្រើ AI គឺជាយុទ្ធសាស្ត្រថ្មីដើម្បីពង្រឹងអាជីវកម្មឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់បំផុត៕