២គូមរណៈវគ្គ ១៦ក្រុម Champions League ប្រកួតថ្ងៃទី១០-១១ ខែមីនា

28-02-2026 00:08

(បរទេស)៖ ២គូស៊ីសាច់ហុតឈាមត្រូវបានរកឃើញក្នុងពិធីចាប់ឆ្នោតវគ្គ ១៦ក្រុមពានរង្វាន់លីគអឺរ៉ុប UEFA Champions League 2025-26 នារាត្រីថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

តោខៀវ Chelsea របស់អង់គ្លេស ត្រូវបានចាប់ឆ្នោតប៉ះគូសត្រូវចាស់ Paris Saint Germain ម្ចាស់ការពារតំណែងជើងឯក UCL រដូវកាលមុន ដែលទើបឆ្លងនៃវគ្គជម្រុះ ជាគូប្រជែងដែលពួកគេធ្លាប់បានបំបាក់ ៣ទល់នឹងង០ កាលផ្តាច់ព្រ័ត្រដណ្តើមពាន FIFA Club World Cup 2025 នៅសហរដ្ឋអាមេរិក ស្របពេល Real Madrid ត្រូវប៉ះក្រុមកំពុងឡើងជើង Manchester City ក្នុងវគ្គចាញ់-ធ្លាក់នេះជាលើកទី៥ ជាប់ៗគ្នាទៀតផង។

ទោះបីជាអង់គ្លេសមានដល់ទៅ ៦ក្លិបឡើងដល់វគ្គ ១៦ក្រុមនៃ UCL រដូវកាលនេះពិតមែន ក៏ប៉ុន្តែពុំមានក្រុមណាមួយជួបគ្នាក្នុងវគ្គនេះឡើយ នៅពេលក្រុមកំពូលតារាងទាំងក្នុងលីគ និង UCL គឺកាំភ្លើងធំ Arsenal ត្រូវប្រឈមមុខជាមួយ Bayer Leverkusen របស់អាល្លឺម៉ង់។ Newcastle United ប៉ះ FC Barcelona, Liverpool ជួប Galatasaray និង Tottenham Hotspur ប៉ះ Atletico Madrid។

Bayern Munich ជួប Atalanta និង Sporting CP ប៉ះ Bodo/Glimt នៅពេលការប្រកួតជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី១០-១១ ខែមីនា មុនពេលជើងទី២ ប្រកួតនៅថ្ងៃទី១៧-១៨ នៃខែដដែល ឆ្នាំ២០២៦៕