យល់ដឹងកីឡា៖ ព្រឹត្តិការណ៍ World Cup 2014 ជាពេលដែលស្រោមអនាម័យ លក់ដាច់ខ្លាំងបំផុត

28-02-2026 08:38

(បរទេស)៖ ស្រោមអនាម័យ (condom) ប្រមាណ ២.១លានស្រោម ត្រូវបានលក់ចេញនៅអំឡុងព្រឹត្តិការណ៍បាល់ទាត់ ពិភពលោក នៅប្រទេសប្រេស៊ីល ឆ្នាំ២០១៤។ នេះបើយោងតាមរបាយការណ៍ The Wall Street Journal។

តម្លៃជាមធ្យមក្នុង ១ប្រអប់ដែលមាន ៣ស្រោមនោះគឺ ១.៣៩ដុល្លារ ដើម្បីបង្ការឆ្លងកាមរោគ ជាពិសេស HIV/AIDS ជាដើម។

ចំនួនស្រោមប្រហែល ៧០០,០០០ប្រអប់ ដែលមាន ៣ប្រភេទខុសៗគ្នា ត្រូវបានលក់អស់គ្មានសល់ត្រឹមពេលដាក់លក់ នាអំឡុងខែកុម្ភៈ ឆ្នាំ២០១៤ មុនពេល World Cup មកដល់ និងបន្ថែម ៨៦៤,០០០ប្រអប់ទៀត លក់អស់ត្រឹមតែ ១សប្តាហ៍ប៉ុណ្ណោះ នៅអំឡុង World Cup លើកទី២០ ចាប់ផ្តើម។

ទីផ្សារលក់ស្រោមអនាម័យ មានការផ្ទុះឡើងខ្លាំងនៅ World Cup ២សម័យកាលជាប់ៗគ្នា ពោលគឺចាប់តាំងពីប្រទេសអាហ្វ្រិកខាងត្បូងធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០១០ ជាមួយនឹងស្រោមអនាម័យចំនួន ១៦០,០០០ស្រោម ត្រូវបានដាក់នៅតាមសណ្ឋាគារនានា។

ការលក់ដាច់ខ្លាំងនៅអំឡុងឆ្នាំ២០១៤ ក៏អាចមកពីការផលិតតាមរយៈរំលេចព័ណ៌លឿងលាយបៃតង ដែលជាពណ៌ទង់ជាតិនៃប្រទេសប្រេស៊ីលផងដែរ៕