ប៉ូឡូញត្រៀមច្បាប់ថ្មី៖ ហាមក្មេងក្រោម ១៥ឆ្នាំ លេងបណ្ដាញសង្គម បើក្រុមហ៊ុនមិនព្រមស្កេនអាយុ នឹងត្រូវពិន័យធ្ងន់
28-02-2026 09:10
(បរទេស)៖ រដ្ឋាភិបាលប៉ូឡូញ កំពុងឈានជើងទៅរកការរឹតត្បិតបច្ចេកវិទ្យាកាន់តែខ្លាំង ដោយគ្រោងដាក់ចេញច្បាប់ថ្មី ហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំ មិនឱ្យប្រើប្រាស់បណ្ដាញសង្គម។ យោងតាមការចុះផ្សាយរបស់ Bloomberg News និង Reuters នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី Barbara Nowacka រដ្ឋមន្ត្រីក្រសួងអប់រំប៉ូឡូញ បានបញ្ជាក់ថា ច្បាប់នេះនឹងតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ជាអ្នកទទួលខុសត្រូវរៀបចំប្រព័ន្ធផ្ទៀងផ្ទាត់អាយុឱ្យបានច្បាស់លាស់ បើមិនដូច្នោះទេនឹងត្រូវប្រឈមមុខនឹងការ «ពិន័យជាប្រាក់យ៉ាងចាស់ដៃ»។
មូលហេតុដែលនាំឱ្យប៉ូឡូញដាច់ចិត្តប្រើវិធានការក្ដៅនេះ គឺដោយសារការបារម្ភពីសុខុមាលភាពយុវជនជំនាន់ក្រោយ។ លោកស្រី Nowacka បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖ «យើងមើលឃើញពីបញ្ហាសុខភាពផ្លូវចិត្តរបស់កុមារ និងយុវជន ហើយយើងក៏ឃើញមានការធ្លាក់ចុះនៃសមត្ថភាពបញ្ញារបស់ពួកគេផងដែរ»។ រដ្ឋាភិបាលគ្រោងនឹងដាក់ឱ្យច្បាប់នេះចូលជាធរមាននៅដើមឆ្នាំ ២០២៧ ខាងមុខ។
គំនិតផ្ដួចផ្ដើមរបស់ប៉ូឡូញ មិនមែនជារឿងដាច់ដោយឡែកនោះទេ ខណៈដែលប្រទេសជឿនលឿនមួយចំនួនដូចជា អូស្ត្រាលី អង់គ្លេស បារាំង និងអេស្ប៉ាញ ក៏កំពុងពិចារណា ឬអនុវត្តច្បាប់ស្រដៀងគ្នានេះ ដើម្បីការពារកុមារពីផលប៉ះពាល់ និងការជក់ងប់ងុលនឹងបណ្ដាញសង្គមដែលខុសខ្នាត។
ទោះជាយ៉ាងណា ជំហានថ្មីនេះអាចនឹងធ្វើឱ្យប៉ូឡូញត្រូវប្រឈមមុខដាក់គ្នាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ដូចជា Meta (ម្ចាស់ Facebook/Instagram) និងបណ្ដាញសង្គម X របស់លោក Elon Musk ដែលកន្លងមកក្រុមហ៊ុនទាំងនេះតែងតែបង្ហាញការមិនពេញចិត្ត និងព្យាយាមជំទាស់ទៅនឹងការរឹតត្បិតអាយុរបស់អ្នកប្រើប្រាស់៕











