តើកោះកុង ឬរាជធានីភ្នំពេញ នឹងក្លាយជាជើងឯកពានបាល់ទះសម្ដេចក្រឡាហោម ស ខេង ឆ្នាំនេះ?

28-02-2026 09:42

(ភ្នំពេញ)៖ ក្រុមបាល់ទះស្នងការនគរបាលខេត្តកោះកុង និងក្រុមស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកដៃគ្នាឡើងវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍បាល់ទះពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ ក្រោយទម្លាក់ក្រុមខ្លាំងៗជាបន្ដបន្ទាប់គួរឲ្យភ្ញាក់ផ្អើល? ចាំមើលរវាងក្រុមទាំងពីរ ក្រុមណានឹងក្លាយម្ចាស់ពានឆ្នាំនេះ?

មុនឈានដល់វគ្គដណ្ដើមពានខាងលើ នៅក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាល្ងាចថ្ងៃទី២៧ ខែកុម្ភៈកន្លងទៅ ក្រុមបាល់ទះស្នងការនគរបាលខេត្តកោះកុង គឺបានយកឈ្នះក្រុមកងពលធំអន្ដរាគមន៍លេខ៣ ដោយលទ្ធផល ៣-០សិត ក្នុងពិន្ទុ ២៥-២៣, ២៥-១៨ និង ២៥-២១ ស្របពេលក្រុមស្នងការនគរបាលរាជធានីភ្នំពេញ បានយកឈ្នះក្រុមវិសាខា ៣-០សិតដូចគ្នា ក្នុងពិន្ទុ ២៧-២៥, ២៥-២៣ និង ២៥-១៩។

ជ័យជម្នះនេះ នាំឲ្យក្រុមស្នងការនគរបាលខេត្តកោះកុង និងក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១ ខែមីនាស្អែក នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) ដើម្បីកាត់សេចក្ដីក្រុមឈ្នះ ក្លាយជាម្ចាស់ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៤។ រីឯក្រុមចាញ់ រវាងវិសាខា និងកងពលធំអន្ដរាគមន៍លេខ៣ ក៏នឹងត្រូវជួបគ្នានៅថ្ងៃទី២៨ ខែកុម្ភៈនេះ ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ ផងដែរ។

សម្រាប់ប្រាក់រង្វាន់ កំពុងរង់ចាំក្រុមជយលាភីប្រចាំព្រឹត្តិការណ៍ខាងលើ រួមមានក្រុមជើងឯក នឹងទទួលបាន ៥០លានរៀល, លេខ២ ទទួលបាន ២០លានរៀល, លេខ៣ ទទួលបាន ១២លានរៀល និងលេខ៤ ទទួលបាន ៨លានរៀល។ ក្រៅពីនេះ ក៏មានប្រាក់រង្វាន់លើកទឹកចិត្តដល់ម្ចាស់ពានឯកត្តជនផ្សេងៗផងដែរ៕