កាណាដាកោះហៅ CEO ក្រុមហ៊ុន OpenAI មកសាកសួរ ក្រោយករណីបាញ់ប្រហារសម្លាប់មនុស្ស ៨នាក់
28-02-2026 10:28
(បរទេស)៖ រដ្ឋមន្ត្រីកាណាដា ដែលទទួលបន្ទុកផ្នែកបញ្ញាសិប្បនិម្មិត (AI) បានថ្លែងនៅថ្ងៃសុក្រសប្តាហ៍នេះថា លោកនឹងជួបជាមួយលោក Sam Altman នាយកប្រតិបត្តិក្រុមហ៊ុន OpenAI នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីផែនការរបស់ក្រុមហ៊ុនផលិត ChatGPT ក្នុងការបង្កើនវិធានការសុវត្ថិភាព បន្ទាប់ពីមានករណីបាញ់ប្រហារនៅសាលារៀនមួយក្នុងខេត្ត British Columbia កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។
រដ្ឋាភិបាលកាណាដា បានជំរុញឱ្យ OpenAI ពង្រឹងប្រព័ន្ធសុវត្ថិភាពរបស់ខ្លួនឱ្យបានឆាប់រហ័ស និងបានព្រមានថា រដ្ឋាភិបាលអាចនឹងប្រើប្រាស់វិធានការផ្លូវច្បាប់ ប្រសិនបើចាំបាច់។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានឱ្យដឹងថា ខ្លួនមិនបានទាក់ទងទៅប៉ូលីសអំពីគណនីរបស់ជនសង្ស័យក្នុងការបាញ់ប្រហារឈ្មោះ Jesse Van Rootselaar ដែលក្រុមហ៊ុនបានបិទ (Ban) ចោលនោះទេ។
រដ្ឋមន្ត្រី Evan Solomon បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា៖ «ទោះបីជាយើងកត់សម្គាល់ឃើញពីឆន្ទៈរបស់ពួកគេ ក្នុងការប្តេជ្ញាពង្រឹងវិធានការបញ្ជូនព័ត៌មានទៅកាន់សមត្ថកិច្ច, ការបង្កើតទំនាក់ទំនងផ្ទាល់ជាមួយអាជ្ញាធរកាណាដា និងការបង្កើនការការពារក៏ដោយ ក៏យើងមិនទាន់បានឃើញផែនការលម្អិតអំពីរបៀបដែលការប្តេជ្ញាចិត្តទាំងនេះ នឹងត្រូវអនុវត្តជាក់ស្តែងនៅឡើយទេ»។ លោក Solomon បានឆ្លើយតបទៅនឹងលិខិតមួយដែលលោកបានទទួលពីអនុប្រធានគោលនយោបាយសកលរបស់ OpenAI កាលពីថ្ងៃព្រហស្បតិ៍ ដែលក្នុងនោះក្រុមហ៊ុនបាននិយាយថា ខ្លួននឹងបង្កើតចំណុចទំនាក់ទំនងផ្ទាល់ជាមួយការអនុវត្តច្បាប់កាណាដា និងកែលម្អការរកឃើញអ្នកដែលបំពានដដែលៗលើគោលការណ៍ «សកម្មភាពហិង្សា» ដើម្បីបង្កើនសុវត្ថិភាព។
គួរជម្រាបថា ជនសង្ស័យ Van Rootselaar អាយុ១៨ឆ្នាំ ត្រូវបានសង្ស័យថាបានសម្លាប់មនុស្ស ៨នាក់ កាលពីថ្ងៃទី១០ ខែកុម្ភៈ មុនពេលធ្វើអត្តឃាតខ្លួនឯងនៅតំបន់ Tumbler Ridge។ Van Rootselaar ធ្លាប់មានគណនី ChatGPT ដែលត្រូវបានរកឃើញថា បានប្រើប្រាស់រំលោភលើគោលការណ៍របស់ក្រុមហ៊ុន ពាក់ព័ន្ធនឹង «សកម្មភាពហិង្សា» និងការពិពណ៌នាអំពីការបាញ់ប្រហារ៕












