កីឡាករវ៉ៃមិនចាញ់ Usyk នឹងឡើងការពារខ្សែក្រវាត់ WBC ទល់នឹង Rico នៅអេហ្ស៊ីប

28-02-2026 13:02

(បរទេស)៖ Oleksandr Usyk ជើងខ្លាំងវាយមិនទាន់ចាញ់ក្នុងអាជីពប្រដាល់ នឹងវិលមកកាន់សង្វៀនវិញ ដើម្បីការពារខ្សែក្រវាត់ពិភពលោក WBC ទល់នឹងអតីតជើងឯក kickboxing គឺ Rico Verhoeven នាអំឡុងខែឧសភា ឆ្នាំ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ការប្រកួតនេះដែរ នឹងធ្វើឡើងនៅឯសង្វៀន Pyramids of Giza ស្ថិតក្នុងប្រទេសអេហ្ស៊ីបនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ស្របពេល Usyk ជើងឯកពិភពលោក ២សម័យ ដែលកំពុងកាន់កាប់ខ្សែក្រវាត់ WBA, WBC និង IBF ក្នុងដៃនោះ មិនទាន់បានឡើងប្រកួតណាមួយឡើយ គិតចាប់តាំងពីផ្តួល Daniel Dubois នៅឯពហុកីឡដ្ឋានជាតិអង់គ្លេស Wembley កាលពីខែកក្កដា ឆ្នាំ២០២៥។

ជំនួបដែលគណៈកម្មការបានដាក់ឈ្មោះថា «Glory of Giza» វាជាលើកដំបូងសម្រាប់កីឡាករហូឡង់ វ័យ ៣៦ឆ្នាំ Verhoeven ឡើងសង្វៀន គិតចាប់តាំងពីឆ្នាំ២០១៤ ដែលធ្លាប់ប្រកួតសរុបបាន ៧៦លើក ក្នុងនោះឈ្នះ ៦៦ដង ក្នុងប្រភេទ kickboxing មុនពេលប្រកាសដកខ្លួនពីកីឡាកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ស្របពេលគូប្រជែងសញ្ជាតិអ៊ុយក្រែន Usyk ប្រកួតបាន ២៤លើកលក្ខណៈអាជីពមិនចាញ់ឡើយ៕