ក្រុមហ៊ុន Meta, Google និង X ឈ្នះក្ដីដំណាក់កាលដំបូង ជុំវិញច្បាប់រឹតត្បិតការប្រើបណ្ដាញសង្គមលើកុមារ

28-02-2026 13:29

(បរទេស)៖ ចៅក្រមសហព័ន្ធអាមេរិកបានចេញដីកាបង្គាប់ឱ្យផ្អាកជាបណ្តោះអាសន្ននូវច្បាប់ថ្មីមួយរបស់រដ្ឋ Virginia ដែលតម្រូវឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទៀងផ្ទាត់អាយុ និងកំណត់ការប្រើប្រាស់ត្រឹមតែ ១ ម៉ោងក្នុងមួយថ្ងៃសម្រាប់កុមារក្រោម ១៦ ឆ្នាំ។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីក្រុមបច្ចេកវិទ្យា NetChoice (តំណាងឱ្យ Google, Meta, និង X) បានប្តឹងតវ៉ាថា ច្បាប់នេះបានរំលោភលើសិទ្ធិសេរីភាពក្នុងការនិយាយស្តីដែលការពារដោយរដ្ឋធម្មនុញ្ញ។ នេះបើយោងតាមការចេញផ្សាយដោយ​ CNA នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។

ចៅក្រម Patricia Tolliver Giles បានពន្យល់ថា ទោះបីជារដ្ឋមានបំណងល្អក្នុងការការពារកុមារពីការវក់នឹងបណ្តាញសង្គមក៏ដោយ ប៉ុន្តែច្បាប់នេះមានលក្ខណៈតឹងរ៉ឹងជ្រុល រហូតប៉ះពាល់ដល់សិទ្ធិមនុស្សពេញវ័យ និងរារាំងកុមារមិនឱ្យមើលកម្មវិធីអប់រំ ឬសាសនាដែលលើសពីមួយម៉ោង។ លោកស្រីបានបញ្ជាក់ក្នុងសាលក្រមថា៖ «តុលាការទទួលស្គាល់នូវឆន្ទៈរបស់រដ្ឋក្នុងការការពារយុវជន... ប៉ុន្តែវាមិនត្រូវរំលោភលើសិទ្ធិនៃវិសោធនកម្មទី ១ (First Amendment) រួមទាំងសិទ្ធិរបស់យុវជនដែលខ្លួនចង់ការពារនោះដែរ»

ទោះជាយ៉ាងណា ភាគីរដ្ឋ Virginia នៅតែប្រកាន់ជំហរការពារកុមារ ដោយអ្នកនាំពាក្យអគ្គមេធាវីរដ្ឋបានលើកឡើងថា៖ «យើងទន្ទឹងរង់ចាំបន្តអនុវត្តច្បាប់ដែលផ្តល់អំណាចដល់ឪពុកម្តាយ ដើម្បីការពារកូនៗរបស់ពួកគេពីគ្រោះថ្នាក់ដែលបង្ហាញឱ្យឃើញតាមរយៈបណ្តាញសង្គម»។ ផ្ទុយទៅវិញ ខាងភាគី NetChoice បានសាទរចំពោះសេចក្តីសម្រេចនេះ ដោយលោក Paul Taske បានសង្កត់ធ្ងន់ថា៖ «ជាមូលដ្ឋានគ្រឹះ ឪពុកម្តាយត្រូវតែស្ថិតក្នុងកៅអីអ្នកបើកបរ (ជាអ្នកសម្រេចចិត្ត) នៅពេលនិយាយអំពីគ្រួសាររបស់ពួកគេ»