TMTG គ្រោងបង្កើតក្រុមហ៊ុនសាធារណៈថ្មី ខណៈការខាតបង់ Truth Social ហក់ឡើងដល់ជាង ៧០០លានដុល្លារ
28-02-2026 16:07
(បរទែស)៖ ក្រុមហ៊ុន Trump Media & Technology Group (TMTG) ដែលបង្កើតឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាបំបែកបណ្តាញសង្គម Truth Social ឱ្យទៅជាក្រុមហ៊ុនជួញដូរសាធារណៈដាច់ដោយឡែកមួយ។ នៅថ្ងៃសុក្រសប្តាហ៍នេះ ក្រុមហ៊ុនបានឱ្យដឹងថា ខ្លួនកំពុងស្ថិតក្នុងកិច្ចពិភាក្សាជាមួយក្រុមហ៊ុន TAE Technologies និង Texas Ventures Acquisition III អំពីប្រតិបត្តិការដែលបានស្នើឡើងនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។
តាមរយៈសំណើនេះ ភាគហ៊ុននៅក្នុងក្រុមហ៊ុនដែលបំបែកចេញថ្មីនឹងត្រូវបែងចែកទៅឱ្យភាគហ៊ុនិក TMTG ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បន្ទាប់មកអង្គភាពថ្មីនេះនឹងត្រូវច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន SPAC (Special Purpose Acquisition Company)។ ការធ្វើបែបនេះ នឹងបំបែកទ្រព្យសម្បត្តិផ្នែកបណ្តាញសង្គម និងឌីជីថលរបស់ TMTG ចេញពីអាជីវកម្មថាមពលនុយក្លេអ៊ែរ (Fusion Energy) ដែលទើបនឹងប្រកាសថ្មីៗនេះ។ ជាលទ្ធផល វានឹងបង្កើតឱ្យមានក្រុមហ៊ុនសាធារណៈចំនួនពីរ ដែលមានយុទ្ធសាស្ត្រអាជីវកម្មផ្សេងគ្នាដាច់ពីគ្នា។
បើនិយាយពីការខាតបង់សុទ្ធរបស់ក្រុមហ៊ុនមេ Truth Social បានកើនឡើងដល់ ៧១២.៣ លានដុល្លារ ក្នុងឆ្នាំ ២០២៥ (ធៀបនឹង ៤០០.៩ លានដុល្លារក្នុងឆ្នាំមុន)។ ការខាតបង់នេះ ភាគច្រើនឆ្លុះបញ្ចាំងពីការធ្លាក់ចុះតម្លៃនៃទ្រព្យសម្បត្តិឌីជីថល (Unrealized losses) ពីការទិញយក Bitcoin និង Cronos។ ទោះបីជាខាតបង់ក៏ដោយ TMTG បានបញ្ចប់ឆ្នាំ២០២៥ ជាមួយនឹងទ្រព្យសម្បត្តិហិរញ្ញវត្ថុប្រហែល ២.៥ ប៊ីលានដុល្លារ ដែលកើនឡើងជាង ៣ ដងធៀបនឹងឆ្នាំមុន។ ការលក់សុទ្ធបានកើនឡើងបន្តិចបន្តួចដល់ ៣.៦៨ លានដុល្លារ បើធៀបនឹង ៣.៦២ លានដុល្លារក្នុងឆ្នាំ ២០២៤។
TMTG កំពុងព្យាយាមពង្រីកខ្លួនឱ្យផុតពីអាជីវកម្មបណ្តាញសង្គម Truth Social ដែលកំពុងប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំង និងការកើនឡើងអ្នកប្រើប្រាស់មិនសូវថេរ។ ក្រុមហ៊ុនកំពុងងាកទៅរកបច្ចេកវិទ្យាថាមពលដែលកំពុងមានសក្តានុពល។ កាលពីខែធ្នូ TMTG បានយល់ព្រមច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន TAE Technologies ក្នុងកិច្ចព្រមព្រៀងភាគហ៊ុនដែលមានតម្លៃជាង ៦ ប៊ីលានដុល្លារ។ នេះគឺជាការបោះជំហានទៅរកថាមពលនុយក្លេអ៊ែរ (Fusion Energy) ដើម្បីបង្កើតរោងចក្រអគ្គិសនីខ្នាតធំសម្រាប់ឆ្លើយតបនឹងតម្រូវការអគ្គិសនីដែលកំពុងកើនឡើង រួមទាំងតម្រូវការពីមជ្ឈមណ្ឌលទិន្នន័យ AI (Data Centers) ផងដែរ។
តែយ៉ាងណា TMTG បញ្ជាក់ថា មិនទាន់មានកិច្ចព្រមព្រៀងជាស្ថាពរណាមួយត្រូវបានធ្វើឡើងនៅឡើយទេ ហើយការពិភាក្សាកំពុងបន្តធ្វើឡើង៕











