សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រៀបចំព្រឹត្តិការណ៍ទិវាគ្រួសារជាលើកដំបូង សម្រាប់សាខាថ្មី ក្នុងខណ្ឌឫស្សីកែវ

28-02-2026 16:57

(ភ្នំពេញ)៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានរៀបចំព្រឹត្តិការណ៍ទិវាគ្រួសារជាលើកដំបូង សម្រាប់សាខាថ្មី ក្នុងខណ្ឌឫស្សីកែវ ទទួលស្វាគមន៍មាតាបិតា អ្នកអាណាព្យា បាលសិស្ស និងប្អូនៗសិស្សានុសិស្សជាច្រើននាក់។

ទិវាគ្រួសារក្នុងឆ្នាំនេះ ត្រូវបានរៀបចំឡើង ក្រោមប្រធានបទ «ស៊ី អាយ អេ ហ្វឺសត៍ ជាទីសម្រេចក្ដីស្រមៃរបស់សិស្សានុសិស្សគ្រប់រូប» ដោយគណៈគ្រប់គ្រងសាលាបានបញ្ចូល សកម្មភាពសប្បាយរីករាយជាច្រើន ដូចជាការសម្ដែងបង្ហាញទេពកោសល្យគ្រួសារ ការច្រៀងចម្រៀងជាក្រុម ការរាំ និងស្តង់សកម្មភាពនានា ដូចជាស្ដង់បង្ហាញស្នាដៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (ស្ទែម) ស្តង់តាំងស្វែងយល់អំពី ការសិក្សាភាសចិន និងស្ដង់បង្ហាញស្នាដៃសិស្សជាដើម។

គួរបញ្ជាក់ថា សាខាឫស្សីកែវ គឺជាសាខាថ្មីរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលបានបើកដំណើរការសិក្សាអំឡុងខែសីហា ឆ្នាំ២០២៥ កន្លងទៅ។ ក្នុងរយៈពេលដ៏ខ្លី ស៊ី អាយ អេ ហ្វឺសត៍ សាខាឫស្សីកែវ បានវិវត្តក្លាយជាសាលាមួយ ដែលជាជម្រើសដ៏ស័ក្ដិសមបំផុត សម្រាប់សិស្សានុសិស្ស ដោយមានបំពាក់សម្ភារៈ បរិក្ខារសិក្សាទំនើបៗ ជាមួយនឹងកម្មវិធីសិក្សា ប្រកបដោយគុណភាពខ្ពស់ ដែលជួយសិស្សឱ្យអភិវឌ្ឍទាំងចំណេះ ដឹង និងបុគ្គលិកលក្ខណៈ។

លោកបណ្ឌិត Daniel Mock នាយកសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាឫស្សីកែវ បានសម្ដែងនូវក្ដីរីករាយសម្រាប់ការរៀបចំព្រឹត្តិការណ៍ទិវាគ្រួសារជាលើកដំបូងនេះ។
លោកបានបញ្ជាក់ថា «ព្រឹត្តិការណ៍ថ្ងៃនេះ ប្រារព្ធឡើងក្នុងគោលបំណងនាំសមាជិកគ្រប់រូបនៃសហគមន៍ ស៊ី អាយ អេ ហ្វឺសត៍ ឫស្សីកែវ ឱ្យមកជួបជុំគ្នា បង្កើតបរិយាកាសសប្បាយរីករាយ ក្នុងការទំនាក់ទំនងគ្នារវាងក្រុមគ្រួសារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង បុគ្គលិកសិក្សារបស់សាលា។

ក្នុងឱកាសដ៏រីករាយនេះ លោកបណ្ឌិត ក៏បានបង្ហាញផងដែរថា ស៊ី អាយ អេ ហ្វឺសត៍ សាខាឫស្សីកែវ បានត្រៀមខ្លួនរួចរាល់ ក្នុងការទទួលចុះឈ្មោះសិស្សថ្មីចូលរៀនក្នុងកម្រិតវិទ្យាល័យ ដែលវឌ្ឍនភាព ថ្មីនេះបានធ្វើឱ្យសាខាឫស្សីកែវអាចផ្ដល់ការអប់រំដ៏ពេលលេញមួយសម្រាប់សិស្សចាប់ពីកម្រិតមត្តេយ្យ ដល់កម្រិត វិទ្យាល័យតែម្ដង។

លោក ហេង ស៊ីនស៊ីផាត ដែលជាឪពុកមានកូន៣នាក់ កំពុងសិក្សានៅ ស៊ី អាយ អេ ហ្វឺសត៍ ឫស្សីកែវ បានបង្ហាញក្ដីរំភើបរីករាយ ដែលបានចូលរួមក្នុងទិវាគ្រួសារ ហើយបានជជែកពិភាក្សា ជាមួយនឹងមាតាបិតាសិស្ស ដទៃទៀត។

ទាក់ទងនឹងការសិក្សារបស់កូនៗ លោក ស៊ីផាត បានកត់សម្គាល់ឃើញថាកូនៗរបស់លោកទទួល បានចំណេះដឹងល្អៗច្រើនជាងមុន ព្រោះលោកគ្រូ អ្នកគ្រូ បានបង្រៀនបំប៉នពួកគេបានយ៉ាងល្អប្រសើរ ជាពិសេស លើចំណេះដឹងផ្នែកភាសាបរទេស។

ដូចគ្នាដែរ លោកស្រី Riam ដែលជាម្ដាយមានកូន២នាក់សិក្សានៅ ស៊ី អាយ អេ ហ្វឺសត៍ ឫស្សីកែវ បានថ្លែងដោយក្ដីរីករាយថា ការរៀបចំទិវាគ្រួសារនេះ គឺជាបទពិសោធដ៏អស្ចារ្យមួយ សម្រាប់លោកស្រី និង កូនៗ ដោយសារតែសាលាបានរៀបចំ ការសម្ដែងទេពកោសល្យរបស់សិស្ស តុបតែងលម្អទីធ្លាសាលា ព្រមទាំង រៀបចំឱ្យសិស្សានុសិស្សស្លៀកសម្លៀកបំពាក់ បានយ៉ាងស្រស់ស្អាត។

សម្រាប់ការសិក្សារបស់កូនៗវិញ លោកស្រី បានបង្ហាញថា លោកស្រីមានក្ដីបារម្ភពីដំបូង ប៉ុន្តែលោកគ្រូ អ្នកគ្រូ នៅ ស៊ី អាយ អេ ហ្វឺសត៍ ឫស្សីកែវ បានជួយ កូនៗរបស់លោកស្រី ឱ្យសម្របខ្លួនក្នុងបរិយកាសសាលាថ្មីបានយ៉ាងល្អ ហើយកូនៗរបស់លោកស្រីបានអភិវឌ្ឍ ចំណេះដឹងផ្នែកគណិតវិទ្យា និងអំណាន។

ចំណែកលោកស្រី ហេន ចាន់ដាវីវិញ កាលពីដំបូង កូនពៅរបស់គាត់រៀនថ្នាក់ K3 មិនចង់មកថ្នាក់រៀន ចង់តែនៅផ្ទះ តែប៉ុន្មានថ្ងៃក្រោយមក កូនប្រុសគាត់ឈ្មោះឧត្តម ចង់តែមកសាលារៀន ហើយឧត្តមនិយាយ អង់គ្លេសជាមួយបងៗ និងគ្រួសារដែលពេលខ្លះធ្វើឲ្យមានការភ្ញាក់ផ្អើលមែនទែន ដោយគាត់ប្រើប្រាស់ពាក្យនៅក្នុង ថ្នាក់រៀនចេញមកដោយមិនដឹងខ្លួន ឆ្លើយតបមកកាន់យើងតួយ៉ាងនៅពេលយើងកណ្តាស់ គាត់នៅក្បែរ គាត់ប្រើ ពាក្យ Bless you នៅពេលត្រូវការជំនួយ ឧត្តមនិយាយ Help me នៅពេលសួរថា ហេតុអ្វីឧត្តមមិនទៅរៀនថ្ងៃនេះ គាត់ឆ្លើយថា I’m sick និងពាក្យដទៃជាច្រើនទៀតដែលធ្វើឲ្យគ្រួសារឧត្តមងឿងឆ្ងល់ថាគ្រាន់ K3 សោះ ឧត្តម ស្គាល់ពាក្យអង់គ្លេសច្រើនម៉្លេះ ហើយក៏នាំគ្នាកោតសរសើរសាលាដែលគាត់រៀន CIA FIRST International School ដែលនេះជាការកសាងថ្នាលអប់រំដ៏រឹងមាំមួយ។

ទិវាគ្រួសារ ស៊ី អាយ អេ ហ្វឺសត៍ បានប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ដោយជោគជ័យប្រកបដោយស្នាម ញញឹម ភាពសប្បាយរីករាយ និងមោទនភាព។ ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងសាលា សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់មាតាបិតា សិស្សានុសិស្ស បុគ្គលិកសិក្សា និងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានចូលរួមយ៉ាង ច្រើនកុះករ ធ្វើឱ្យការប្រារព្ធកម្មវិធីនេះទទួលបានជោគជ័យជាទីមោទនៈ។ សូមណាត់ជួបនាឱកាសក្រោយទៀត៕