នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចាត់ទុកការហាត់កីឡាហាប់គីដូ រួមចំណែកយ៉ាងសំខាន់ក្នុងការបង្ក្រាបជនសង្ស័យ

28-02-2026 20:25

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ជូនមន្ដ្រីចូលរួមហ្វឹកហាត់បច្ចេកទេសពិសេសៗនៃកីឡាហាប់គីដូជាបន្ដបន្ទាប់ ថ្នាក់ដឹកនាំនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចាត់ទុកការហាត់ក្បាច់គុននេះ ជាផ្នែកមួយដ៏សំខាន់ បង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួន ក្នុងការបំពេញប្រតិបត្តិការបង្ក្រាបបទល្មើស ឬមុខសញ្ញាសង្ស័យ កាន់តែមានប្រសិទ្ធភាព និងត្រឹមត្រូវតាមក្បួនខ្នាតក្បាច់គុន។

នេះបើតាមការលើកឡើងរបស់លោក ហេង សំណាង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ បន្ទាប់ពីមានកិច្ចសហការជាមួយសហព័ន្ធខ្មែរកីឡាហាប់គីដូ បើកវគ្គបណ្ដុះបណ្ដាលហ្វឹកហាត់ជំនាញកីឡាហាប់គីដូ រយៈពេល ២០ម៉ោង ដល់សិក្ខាកាមចំនួន ២៥រូប កាលពីថ្មីៗ និងបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

លោកបន្ដថា ការហាត់ក្បាច់គុនហាប់គីដូនេះ ពិតជាមានសារៈសំខាន់ក្នុងស្ថានភាពបង្ក្រាបមុខសញ្ញា ព្រោះមានក្បាច់ស្នៀតច្រើនទាំងក្លេ និងក្រៀកជាដើម។ វគ្គនេះ បានរួមចំណែកលើកកម្ពស់ ទាំងចំណេះដឹងផ្នែកក្បាច់គុនការពារខ្លួន និងសុខភាពមាំងមួន ក៏ដូចជាលើកកម្ពស់សមត្ថភាពបន្ថែមជូនមន្ត្រីនគរបាលជាតិគ្រប់ជាន់ថ្នាក់ ក្នុងការបំពេញភារកិច្ចបង្ក្រាបបទល្មើស និងចាប់ខ្លួនជនសង្ស័យឲ្យមានប្រសិទ្ធភាព ព្រមទាំងការពារខ្លួនពីការធ្វេសប្រហែស និងការប្រឆាំងតបរបស់ជនសង្ស័យប្រកបដោយសុវត្ថិភាពត្រឹមត្រូវ។

ទន្ទឹមជាមួយគ្នាលោក គួច ហុងជៀក ប្រធានស្ដីទីសហព័ន្ធ បានសម្ដែងក្ដីរីករាយ ដែលសហព័ន្ធបានក្លាយជាផ្នែកមួយ ក្នុងការរួមចំណែកជាមួយស្ថាប័នជាតិ សម្រាប់ចូលរួមថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សង្គម តាមរយៈការចែករំលែកនូវចំណេះដឹងក្បាច់គុន និងបច្ចេកទេសពិសេសៗរបស់កីឡាហាប់គីដូ។ លើសពីនេះសហព័ន្ធក៏ស្វាគមន៍ចំពោះនាយកដ្ឋានពាក់ព័ន្ធផ្សេងៗ សម្រាប់ការបណ្ដុះបណ្ដាលដល់កងកម្លាំង និងយកទៅអនុវត្តក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសដោយផ្ទាល់ផងដែរ៕