យល់ដឹងកីឡា៖ តើបងប្អូនមានដែលឆ្ងល់ទេថា ប្រទេសអ៉ីស្រាអែលស្ថិតនៅទ្វីបអាស៊ី ក៏ប៉ុន្តែបាល់ទាត់ទៅលេងនៅអឺរ៉ុប?

02-03-2026 08:17

(បរទេស)៖ សម្រាប់អ្នកគាំទ្រនៅអឺរ៉ុប វាជាធម្មតាទៅហើយដែលឃើញក្លិប និងក្រុមជម្រើសជាតិអ៉ីស្រាអែលលេងនៅទីនេះ ទាំងដែលទីតាំងភូមិសាស្រ្តនៃប្រទេសអ៉ីស្រាអែល ស្ថិតនៅទ្វីបអាស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ sport & geopolitics។

ប្រទេសស្ថិតនៅតំបន់មជ្ឈិមបូព៌ាមួយនេះ មានព្រំដែនជាប់ប្រទេសលីបង់ ស៊ីរី ហ្ស៊កដានី និងអេហ្ស៊ីប ក៏ប៉ុន្តែបានក្លាយជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធអឺរ៉ុប (UEFA) ដោយមានឱកាសលេងទល់នឹងក្រុមខ្លាំងៗរហូតដល់បច្ចុប្បន្ន។

ស្ថានភាពបែបនេះ វាបានកើតឡើងរាប់ទសវត្សរ៍មកហើយ ដែលបាល់ទាត់អ៉ីស្រាអែលត្រូវបានដកចេញពីក្នុងតំបន់ ដោយពុំមែនជាកត្តាភូមិសាស្រ្ត ប៉ុន្តែវាស្ថិតនៅលើកត្តាសង្រ្គាម ការគំរាមកំហែង ពហិការ និងសូម្បីតែមានកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ។

រឿងរ៉ាវដែលបាល់ទាត់អ៉ីស្រាអែល ត្រូវបានដកចេញពីអាស៊ី និងផ្លាស់ទៅលេងនៅទឹកដីអឺរ៉ុបនោះ គឺមានដូចខាងក្រោមនេះ៖

ដើម្បីងាយស្រួលយល់នៃរឿងរ៉ាវទាំងនេះ ចូរយើងវិលត្រឡប់ទៅឆ្នាំ១៩៤៨ ជាពេលដែលរដ្ឋអ៉ីស្រាអែលបានចាប់បដិសន្ធិ ហើយបាល់ទាត់នៃប្រទេសនេះក៏ត្រូវបានបង្កើតឡើងដំណាលគ្នានេះដែរ និងត្រូវបានទទួលស្គាល់ និងបញ្ចូលជាសមាជិករបស់ FIFA ថែមទៀត។

ការឈានមកដល់ឆ្នាំ១៩៥៤ សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC ក៏ត្រូវបានបង្កើតឡើង ហើយក៏បានបញ្ចូលអ៉ីស្រាអែលជាសមាជិកផងដែរ ទោះបីមានប្រទេសសមាជិកជាច្រើនបដិសេធក៏ដោយ ដោយនៅឆ្នាំ១៩៥៨ ដែលជាឆ្នាំប្រកួតបាល់ទាត់ពិភពលោក អ៉ីស្រាអែលត្រូវបានគេដាក់ឱ្យនៅឯកោ ដោយពុំមានប្រទេសណាមួយព្រមប្រកួតជាមួយឡើយ។ ឃើញបែបនេះ FIFA ក៏បានសម្រេចបញ្ចូល AFC និងអាហ្វ្រិក (CAF) តែមួយ ដើម្បីឱ្យអ៉ីស្រាអែលបានលេងជម្រុះ World Cup ក៏នៅតែពុំមានក្រុមណាមួយលេងជាមួយដដែល ដោយផ្តើមចេញដំបូង គឺប្រទេសតួកគី។

ប្រការនេះបានធ្វើឱ្យក្រុមជម្រើសជាតិអ៉ីស្រាអែលឆ្លងចូលវគ្គជម្រុះជុំទី២ ដោយមិនចាំបាច់ប្រកួតអ្វីឡើយ ដែលត្រូវប្រឈមុខនឹងឥណ្ឌូនេស៊ី ដែលបដិសេធមិនប្រកួតទៀត ក្រោមហេតុផលនយោបាយ និងក្រុមបន្តបន្ទាប់មិនលេងជាមួយដដែល។

លុះចូលដល់ World Cup ឆ្នាំ១៩៨២ FIFA បានបញ្ជូនអ៉ីស្រាអែលទៅលេងជម្រុះនៅតំបន់អឺរ៉ុបលើកដំបូង ដោយស្ថិតក្នុងពូលជាមួយស្កុតឡេន អៀរឡង់ខាងជើង ស៊ុយអែត និងព័រទុយហ្គាល់ ដោយនៅតែបន្តមិនអាចដោះស្រាយបាន ទើបឈានដល់ World Cup 1986 និង 1990 អ៉ីស្រាអែល ក៏ត្រូវបានបញ្ចូលទៅលេងនៅតំបន់អូសេអានី (OFC) វិញ ដើម្បីលេងជម្រុះ World Cup និងក្រោយមកទៀតត្រូវបានដកចេញវិញ ក្រោមហេតុផលធ្វើដំណើរផ្លូវឆ្ងាយទៅប្រកួតជាមួយអូស្រ្តាលី និងណូវែលហ្សេឡង់ជាដើម។

World Cup 1994 ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីស្រាអែល ត្រូវបាន FIFA បញ្ជូនឱ្យទៅលេងនៅអឺរ៉ុបជាលើកទី២ ប៉ុន្តែមកម្តងនេះ គឺមានការខុសប្លែកគ្នាជាខ្លាំង ពោលគឺបានក្លាយសមាជិកពេញសិទ្ធិរបស់សហព័ន្ធ UEFA តែម្តង និងបណ្តាក្រុមនៅអឺរ៉ុបទាំងអស់ បានព្រមប្រកួតជាមួយអ៉ីស្រាអែលមកដល់បច្ចុប្បន្ន។

នេះមានន័យថា ចាប់ពីពេលនោះមក មិនថាក្រុមបាល់ទាត់ជម្រើសជាតិអ៉ីស្រាអែល រួមទាំងក្លិបនានា មានសិទ្ធិលេងជម្រុះពានអឺរ៉ុប Euro ក៏ដូចជា World Cup ដោយស្មើមុខស្មើមាត់។

ជាការកត់សម្គាល់ផងដែរ ក្នុងច្បាប់ World Cup ដែលបានចែងដោយ FIFA ពោលគឺគ្រប់ក្រុមទាំងអស់ត្រូវតែឆ្លងកាត់វគ្គជម្រុះតាមតំបន់ និងដាច់ខាតឈ្នះបាន ១ប្រកួតយ៉ាងហោចណាស់ មុនបានឆ្លងមកលេងជុំចុងក្រោយ វគ្គដណ្តើមពាន ៤ឆ្នាំម្តង៕