Man Utd ឡើងឈរលខ៣ ក្នុងលីគ Premier League បន្ទាប់ពីគ្រូស្តីទី Carrick ដឹកនាំ ៧ប្រកួត មិនចាញ់

02-03-2026 09:48

(មេនឆេស្ទើ)៖ Manchester United បានរំកិលទៅកាន់តំណែងលេខ៣ ក្នុងតារាងពិន្ទុ Premier League 2025-26 ជាបណ្តោះអាសន្នវិញ គិតត្រឹមសប្តាហ៍ទី២៩ ជើងទី២ ស្ថិតក្រោមការមើលថែរបស់គ្រូបង្វឹកបណ្តោះអាសន្ន Michael Carrick រហូតដល់ចប់រដូវកាលនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បិសាចក្រហមបានបន្ថែម ៣ពិន្ទុក្នុងកីឡដ្ឋាន Old Trafford របស់ខ្លួនកាលពីរាត្រីថ្ងៃអាទិត្យ តាមរយៈយកឈ្នះក្រុមភ្ញៀវ Cryslal Palace ២-១ ដើម្បីមាន ៥១ពិន្ទុ តាមពីក្រោយក្រុមលេខ២ Man City ចំនួន ៨ពិន្ទុ ដ្បិតនៅសល់ ១ប្រកួតក្នុងដៃដូចគ្នា គ្រាដែលកាំភ្លើងធំ Arsenal ឈរទីកំពូលតារាង ដោយមាន ៦៤ពិន្ទុ និងលេងបាន ២៩ប្រកួត។

នេះមានន័យថា Man Utd អតីតជើងឯកលីគអង់គ្លេស ២០សម័យកាលស្មើជាមួយ Liverpool ពុំទាន់ចាញ់ការប្រកួតណាមួយឡើយ គិតចាប់តាំងពីតែងតាំងលោក Carrick ចូលដឹកនាំកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ជំនួសកៅអី លោក Ruben Amorim។

ក្នុងជំនួបនៅកីឡដ្ឋាន Old Trafford នោះដែរ សមាជិកថ្មី Benjamin Sesko ជាអ្នករកបានគ្រាប់ជ័យជម្នះ ២-១ នៅនាទី៦៥ ពីការបញ្ជូនរបស់ប្រធានក្រុម Bruno Fernandes ដែលទើបទាត់ប៉េណាល់ទីគ្រាប់តាមស្មើ ១-១ នៅនាទី៥៧ ដោយសារខ្សែការពារ Lacroix របស់ Crystal បង្កកំហុស និងត្រូវពិន័យកាតក្រហម បន្ទាប់ពីរកបានគ្រាប់នាំមុខតាំងពីនាទីទី៤ មកនោះ៕