អ៉ីរ៉ង់ និងម្ចាស់ផ្ទះអាមេរិក កំពុងមានសង្រ្គាមនឹងគ្នា ខណៈ World Cup 2026 នៅសល់តែជាង ១០០ថ្ងៃទៀតចាប់ផ្តើម

02-03-2026 11:18

(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលមានសហរដ្ឋអាមេរិក ជាសហម្ចាស់ផ្ទះផងនោះ នឹងឈានចូលមកដល់ក្នុងរយៈពេលជាង ៣ខែទៀតប៉ុណ្ណោះ ស្របពេលក៏មានក្រុមជម្រើសជាតិអ៉ីរ៉ង់ចូលរួមផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន អាមេរិកបានចូលរួមសហការជាមួយប្រទេសអ៉ីស្រាអែល ក្នុងការវាយលុកប្រទេសអ៉ីរ៉ង់តាមផ្លូវអាកាសយ៉ាងក្តៅគគុករហូតមកទល់ពេលនេះ។ តើទាំងក្រុមជម្រើសជាតិអ៉ីរ៉ង់ និងសហព័ន្ធ FIFA មានប្រតិកម្ម និងជះឥទ្ធិពលបែបណាដែរ ចំពោះ World Cup?

តើអ៉ីរ៉ង់ នៅតែបន្តចូលរួម World Cup 2026 ជំនាន់ទី២៣ ក្នុងនាមក្រុមលេងតំណាងទ្វីបអាស៊ី ឬក៏ពហិការ?

នៅចាំបានថា នៅអំឡុងចាប់ឆ្នោតបែងចែកពូល World Cup 2026 កាលពីដើមខែធ្នូ ឆ្នាំ២០២៥ នៅទឹកដីសហរដ្ឋអាមេរិក ជម្រើសជាតិអ៉ីរ៉ង់បានស្ថិតក្នុងពូលជាមួយណូវែលហ្សេឡង់ ប៊ែលហ្សិក និងអេហ្ស៊ីប ដែលសុទ្ធតែលេងនៅទឹកដីអាមេរិកទាំងអស់ ក្នុងនាមសហម្ចាស់ផ្ទះជាមួយមិចស៊ិក និងកាណាដានោះ។

ទោះជាយ៉ាងណា ក្រុមខ្លាំងប្រចាំតំបន់មជ្ឈិមបូព៌ាមួយនេះ មិនទាន់បានប្រកាសដកខ្លួនពី World Cup គិតចាប់តាំងពីអាមេរិកបានទម្លាក់គ្រាប់បែកលើប្រទេសពួកគេកាលពីឆ្នាំ២០២៥ ក៏ប៉ុន្តែលើកនេះ សហព័ន្ធបាល់ទាត់អ៉ីរ៉ង់ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងការពិចារណានៅឡើយ។

ដោយឡែកពី FIFA ដែលជាសាម៉ីខ្លួនរៀបចំវិញបានឱ្យដឹងថា បានកំពុងឃ្លាំមើលស្ថានការណ៍ដែលបានកំពុងវិវត្តន៍ ដោយយកចិត្តទុកដាក់បំផុត ស្របពេលអគ្គលេខាធិការសហព័ន្ធ លោក Mattias Grafstrom បានថ្លែងថា «ពួកយើងកំពុងផ្តោតការយកចិត្តទុកដាក់អំពីសុវត្ថិភាព World Cup ចំពោះក្រុមចូលរួមទាំងអស់»

ជាការកត់សម្គាល់ផងដែរ ក្រុមបាល់ទាត់ជម្រើសជាតិខ្លាឃ្មុំទឹកកករុស្ស៊ី ត្រូវបាន FIFA ដកបញ្ឈរជើងភ្លាមៗតែម្តង កាលពីឆ្នាំ២០២២ ចំពេល World Cup រៀបចំនៅប្រទេសកាតា ក៏ព្រោះលើកទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែន និងក្រោយមកទៀត ប្រទេសនៅអឺរ៉ុបភាគច្រើន បានបដិសេធមិនលេងទល់នឹងក្រុមរុស្ស៊ីឡើយរហូតមកទល់បច្ចុប្បន្ននេះ៕