ថ្នាលប្រដាល់សកល រំពឹងកម្មវិធីប្រកួតអាជីពប្រចាំខែ អាចជំរុញក្ដីស្រមៃ ក្លាយជាការពិត

02-03-2026 12:04

(ភ្នំពេញ)៖ កីឡាករយុវជនថ្នាលប្រដាល់សកល រ៉ាន ណាន បានសម្ដែងក្ដីរីករាយ ក្រោយសហព័ន្ធរៀបចំឲ្យមានការប្រកួតប្រដាល់សកលអាជីព Dragon the Golden Ring ប្រចាំខែ ហើយរំពឹងកម្មវិធីនេះ នឹងអាចជំរុញក្ដីស្រមៃខ្លួន ក្លាយជាការពិត ក្នុងទិសដៅឆ្ពោះទៅរកការប្រកួតប្រជែងលើឆាកអន្ដរជាតិនាថ្ងៃអនាគត។

ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានរៀបចំកម្មវិធីប្រកួតកីឡាប្រដាល់សកលអាជីព ប្រចាំខែលើកដំបូងកាលពីចុងសប្ដាហ៍កន្លងទៅ នៅសាលហ្វឹកហាត់ នៃពហុកីឡដ្ឋានជាតិ (អូឡាំពិក) ដោយទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជនជាតិ និងអន្ដរជាតិ។

កីឡាករវ័យ ១៦ឆ្នាំខាងលើបង្ហើបថា ដោយសារប៉ងក្លាយជាកីឡាករអាជីពអន្ដរជាតិ និងមានកេរ្ដិ៍ឈ្មោះ ដូចកីឡាករល្បីៗលើពិភពលោក ទើបរូបគេហ្វឹកហាត់ប្រដាល់សកល។ តែដោយសារមិនសូវមានការប្រកួត ទើបខ្លួនសម្រេចទៅហ្វឹកហាត់គុនខ្មែរ ដើម្បីបានប្រកួត និងទទួលបានថវិកាទ្រទ្រង់ជីវភាព។

យុវជន រ៉ាន ណាន បន្ដថា «ខ្ញុំសប្បាយចិត្តដែលរៀបចំកម្មវិធីនេះឡើង ទោះប្រកួត ១ខែម្ដង ក៏គ្រាន់ជាង ១ឆ្នាំប្រកួតម្ដង។ ខ្ញុំគាំទ្រ ហើយសង្ឃឹមថា នេះគឺជាឱកាសល្អសម្រាប់ការបង្ហាញ និងអភិវឌ្ឍន៍សមត្ថភាពជំនាញប្រដាល់សកលដែលខ្លួនស្រលាញ់ ដើម្បីឈានទៅសម្រេចបំណងចង់ប្រកួតប្រជែងលើឆាកអន្ដរជាតិនាថ្ងៃអនាគត»

ទន្ទឹមជាមួយគ្នាលោក ប៊ុយ សុភ័ណ្ណ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានវាយតម្លៃខ្ពស់សម្រាប់ការចេញដំណើរកម្មវិធីប្រវត្តិសាស្ដ្រ នៃការប្រកួតអាជីពប្រចាំខែ ទាំងការរៀបចំ និងសន្ទុះការគាំទ្ររបស់មហាជន។ លោកបានចាត់ទុកនេះគឺជាសញ្ញាណវិជ្ជមាន សម្រាប់ជំរុញការរៀបចំនាខែបន្ដបន្ទាប់ឲ្យកាន់តែល្អប្រសើរ។ មិនតែប៉ុណ្ណោះ សហព័ន្ធក៏គ្រោងនឹងបន្ថែមវិញ្ញាសានារីនាខែក្រោយ ដើម្បីជំរុញការអភិវឌ្ឍទាំងកីឡាករ និងកីឡាការិនី ឆ្ពោះទៅរកគុណផលកម្រិតខ្ពស់ ត្រៀមការប្រកួតលើឆាកអន្ដរជាតិផងដែរ។

គួរដឹងថា លទ្ធផលការប្រកួតកីឡាប្រដាល់អាជីពប្រចាំខែដំបូង ក្រោយមានការគាំទ្រពីវិស័យឯកជននេះ សម្រាប់ការប្រកួតកម្រិតថ្នាលយុវជន កីឡាករ រ៉ាន ណាន ឈ្នះកីឡាករ នូ សុផាត ដោយពិន្ទុ និងកីឡាករ ថុល ណារ៉េត ផ្ដួលកីឡាករ ប៊ុន រតនៈ ត្រឹមទឹក៣។ រីឯគូប្រកួតពេញវ័យ កីឡាករ នា សុវណ្ណ ឈ្នះកីឡាករ រិទ្ធ សុផេន ដោយពិន្ទុ និងកីឡាករ សៅ រង្សី ឈ្នះកីឡាករ បាំង កាណុង ដោយពិន្ទុ ខណៈគូមិត្តភាពអន្ដរជាតិ កីឡាករ វី សុភ័ស ផ្ដួលកីឡាករអ៊ីរ៉ង់ Mohamad Kheiri ត្រឹមទឹកទី៣ និងកីឡាករ ពេជ្រ ម្ទេសខ្មាំង ឈ្នះកីឡាករសិង្ហបុរី Zwang Ross Lee ដោយពិន្ទុ៕