Mini Album បទចម្រៀង ៥បទរបស់លោក គូម៉ា ហៅអ្នកសេដជុំគ្នាស្តាប់រឿងក្នុងចិត្ត!
02-03-2026 14:28
(ភ្នំពេញ)៖ តារាចម្រៀង គូម៉ា មកលើកនេះសេដហៅលែងឮហើយជាមួយ Mini Album ចម្រៀងថ្មីចំនួន ៥បទជាប់គ្នា ដែលច្រៀងរៀបរាប់ពីទុក្ខសោកស្នេហាបែកបាក់ និងអារម្មណ៍ខូចចិត្តបាត់បង់ស្នេហា ស្តាប់ហើយធានាថា ជក់ចិត្តដិតអារម្មណ៍។
ដូចដែលមហាជនបានដឹងស្រាប់ហើយថា បទចម្រៀងរបស់លោក គូម៉ា ចេញមកម្តងៗកម្រនឹងមានបទញាក់កន្រ្តាក់អារម្មណ៍ណាស់ ភាគច្រើនសុទ្ធសឹងតែជាបទចម្រៀងមនោសញ្ចេតនាស្នេហា បែកបាក់ស្នេហា និងមានអ្នកទី៣ ចូលមកជ្រៀតស្នេហ៍។ សម្រាប់បើកទំព័រដើមខែថ្មីនេះលោក គូម៉ា ដែលជាតារាចម្រៀងលេចធ្លោមួយរូបប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ក៏បានចេញ Mini Album ចម្រៀងថ្មីចំនួន ៥បទ ទៅតាមសំណូមពររបស់អ្នកគាំទ្រ។
ក្នុង Mini Album ចម្រៀងថ្មីនេះតារាចម្រៀង គូម៉ា សេដ ហៅលែងឮហើយ អ្នកស្តាប់ហើយច្បាស់ជាសេដតាមជាក់ជាមិនខាន តែទោះជាយ៉ាងណាទាំងនេះគ្រាន់តែជាបទចម្រៀងថ្មី ដើម្បីជាកាដូដល់អ្នកគាំទ្ររបស់ខ្លួនប៉ុណ្ណោះ។
បទចម្រៀងថ្មីរបស់លោក គូម៉ា ដែលបានចេញទាំង ៥បទរួមមានបទ «ឆ្នាំងមិនសមរង្វេល, ទសក័ណ្ឌ, គេមកហើយ, រឿងនិទានខ្លោចផ្សា» និងបទ «មិនអាចបង្ហាញអារម្មណ៍» បទចម្រៀងទាំងអស់សុទ្ធសឹងតែនិពន្ធ Melody និងទំនុកច្រៀងដោយអ្នកនិពន្ធខ្លាំងៗដូចជាលោក សុន រដ្ឋា, កញ្ញា យ៉ង់ ចន្ទនីតា និងលោក សេង តារា និងនិពន្ធបទភ្លេងដោយ លោក BM។ គ្រាន់តែបានឃើញចំណងជើង បានស្តាប់បទចម្រៀងហើយ ក៏ដឹងថាលោក គូម៉ា សេដដល់កម្រិតណាដែរ មិនថាអ្នកសេដ ឬអ្នករីករាយអាចចូលរួមស្តាប់ និងទស្សនា បទចម្រៀងថ្មីរបស់លោក គូម៉ា បានទាំងអស់គ្នា។
ជាមួយនឹងការចេញ Mini Album ចម្រៀងចំនួន៥បទនេះ តារាចម្រៀងលោក គូម៉ា បានរៀបរាប់ថា «នេះគឺជាបទចម្រៀងថ្មីរបស់ខ្ញុំបាទ សូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយគាំទ្រ និងជួយផ្តល់ជាមតិយោបល់ ដើម្បីឱ្យខ្ញុំអាចកែតម្រូវនូវបទចម្រៀងរបស់ខ្ញុំ បន្ទាប់ទៀតឱ្យបានល្អ»៕






