Kerr រកបានគ្រាប់បាល់ដំបូងជាមួយជម្រើសជាតិអូស្រ្តាលី ក្នុងរយៈពេល ២៨ខែ បើកឆាកពាន Asian Cup 2026

02-03-2026 14:52

(បរទេស)៖ កីឡាការិនីរៀបការភេទដូចគ្នា Sam Kerr រកបានគ្រាប់បាល់ដំបូងជាមួយជម្រើសជាតិអូស្រ្តាលី ក្នុងរយៈពេលជាង ២ឆ្នាំមកនេះ ដោយបានរួមចំណែកជួយក្រុមកង់ហ្គូរូមួយនេះ យកបាន ៣ពិន្ទុដោយស្រួលនៅថ្ងៃបើកឆាកពានរង្វាន់ស្រ្តីប្រចាំទ្វីបអាស៊ី Asian Cup 2026។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធដែលត្រូវបានជ្រើសរើសចេញពីក្លិបអង់គ្លេស តោខៀវ Chelsea រូបនេះ បានវិលមកកាន់ទីលានវិញ តាំងពីខែសីហា ឆ្នាំ២០២៥ ក្រោយពេលអវត្តមានអស់ជិត ២ឆ្នាំ ដោយសាររបួសដាច់សរសៃពួរ ស៊ុតបាន ១គ្រាប់ជ័យជម្នះ ១-០ នៅនាទី១៤ នៅពេលម្ចាស់ផ្ទះអូស្រ្តាលីយកឈ្នះគូប្រជែងស្រ្តីហ្វីលីពីន ក្នុងថ្ងៃបើកឆាកពូល A។

នេះក៏ជាគ្រាប់បាល់ទី៧០ ជាមួយអូស្រ្តាលីរបស់នាងដែរ ដែលបានធ្វើឡើងនៅឯកីឡដ្ឋាន Perth ជាមួយនឹងការខ្ជះខ្ជាយឱកាសជាច្រើនផងដែរ។

ប្រកួតទី២ របស់អូស្រ្តាលីត្រូវប្រឈមមុខនឹងស្រ្តីអ៉ីរ៉ង់ នៅឯកីឡដ្ឋាន Gold Coast នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីអ៉ីរ៉ង់បានបើកឆាក Asian Cup 2026 ទល់នឹងកូរ៉េខាងត្បូងនាថ្ងៃចន្ទ ទី០២ ខែមីនានេះ៕