Toyota ព្រមដំឡើងថ្លៃដល់ ៣០ពាន់លានដុល្លារ ដើម្បីបញ្ចប់ជម្លោះដណ្តើមទិញក្រុមហ៊ុនបុត្រសម្ព័ន្ធខ្លួនឯង
02-03-2026 14:59
(បរទេស)៖ បន្ទាប់ពីការតថ្លៃគ្នាអស់រយៈពេលជាច្រើនខែ ក្រុមហ៊ុនយក្សជប៉ុន Toyota បានសម្រេចចិត្តដំឡើងតម្លៃទិញភាគហ៊ុនក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ Toyota Industries រហូតដល់ ៣០ ពាន់លានដុល្លារ ដើម្បីបញ្ចប់ជម្លោះដ៏តានតឹងជាមួយក្រុមវិនិយោគិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។
ដើមចមនៃរឿងរ៉ាវនេះ គឺដោយសារក្រុមហ៊ុនវិនិយោគយក្ស Elliott Management បានចេញមុខមករារាំង និងបដិសេធមិនព្រមលក់ភាគហ៊ុនឱ្យ Toyota ឡើយ កាលពីពេលដែល Toyota ផ្តល់តម្លៃទាប ប្រហែល ១០៤ ដុល្លារ ក្នុងមួយភាគហ៊ុន ឬ (១៦,៣០០ យ៉េន)។ ក្រុមវិនិយោគិនយល់ថា តម្លៃនោះទាបពេកមិនសមនឹងតម្លៃពិតរបស់ក្រុមហ៊ុន។ ប៉ុន្តែនៅទីបំផុត Toyota បានយល់ព្រមដំឡើងថ្លៃរហូតដល់ ១៣២ ដុល្លារ ក្នុងមួយភាគហ៊ុន ទើបភាគីខាង Elliott យល់ព្រមលក់ និងបានហៅការផ្តល់ជូនចុងក្រោយនេះថាជា «លទ្ធផលដ៏ល្អប្រសើរ» សម្រាប់អ្នកកាន់ភាគហ៊ុនទាំងអស់។
កិច្ចព្រមព្រៀងតម្លៃ ៣០ ពាន់លានដុល្លារ នេះ ត្រូវបានគេចាត់ទុកថាជាជ័យជម្នះដ៏ធំមួយរបស់មហាសេដ្ឋី Paul Singer (ម្ចាស់ក្រុមហ៊ុន Elliott) ដែលបានដាក់សម្ពាធឱ្យក្រុមហ៊ុនជប៉ុនចេះផ្តល់តម្លៃសមរម្យ និងយុត្តិធម៌ដល់វិនិយោគិនខាងក្រៅ។ ទោះជាយ៉ាងណា ការទូទាត់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺអាស្រ័យលើការទទួលបានប្រាក់កម្ចីពីធនាគារដែល Toyota កំពុងរៀបចំ។
គួរជម្រាបថា ការសម្រេចចិត្តរបស់ Toyota នៅពេលនេះ បានបង្ហាញពីសញ្ញាវិជ្ជមានថ្មីមួយក្នុងពិភពជំនួញនៅប្រទេសជប៉ុន ដែលក្រុមហ៊ុនធំៗចាប់ផ្តើមយកចិត្តទុកដាក់ និងផ្ដល់តម្លៃខ្ពស់ដល់សិទ្ធិសម្រេចចិត្តរបស់ម្ចាស់ភាគហ៊ុនតូចតាច ដើម្បីធានាបាននូវតម្លាភាព និងទំនុកចិត្តក្នុងការវិនិយោគ៕










