ប្រធាន EFC ជំរុញឲ្យកីឡាករ-កីឡាការិនីប្រមាណ ៣ម៉ឺននាក់ ចូលរួមផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន

02-03-2026 15:12

(ភ្នំពេញ)៖ លោកបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានជំរុញឲ្យកីឡាករ-កីឡាការិនី ដែលទទួលស្គាល់ដោយសហព័ន្ធប្រមាណ ៣ម៉ឺននាក់ ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ចូលរួមអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយរាជរដ្ឋាភិបាល។

ការអំពាវនាវនេះ ធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណ្តិទី៣ និងបន្ដអាណត្តិទី៤ ឆ្នាំ២០២៦-២០៣០ កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីស្ដីការក្រសួងព័ត៌មាន ដោយលោកបានទទួលការបោះឆ្នោតគាំទ្រពីសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ធ្វើជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបន្ដទៀត។

ស្របពេលសហព័ន្ធទើបចុះអនុស្សារណៈជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្មីៗ លោកសង្ឃឹមថា កីឡាករ-កីឡាការិនីទាំងអស់ នឹងចូលរួមអប់រំផ្សព្វផ្សាយ និងធ្វើជាគំរូក្នុងការប្រយុទ្ធប្រឆាំង និងជៀសឆ្ងាយពីគ្រឿងញៀន ព្រោះបច្ចុប្បន្នសហព័ន្ធមានកីឡាករ-កីឡាការិនីប្រមាណ ៣ម៉ឺននាក់ ប្រសិនបើពួកគេនាំគ្នានិយាយសារអប់រំ ១សារក្នុងមួយខែ យ៉ាងហោចក៏មានការអប់រំ ៣ម៉ឺនសារដែរ។ នេះជាការរួមចំណែកមួយដ៏សំខាន់ ដើម្បីប្រយោជន៍រួម ដែលកីឡាករ-កីឡាការិនីគ្រប់រូប គប្បីចូលរួម ហើយក៏ត្រូវចៀសឆ្ងាយពីសារធាតុហាមឃាត់ក្នុងកីឡាទាំងអស់គ្នាផងដែរ។

ទន្ទឹមជាមួយគ្នាលោកក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹប្រែងជាច្រើនអាណត្តិកន្លងមក ទាំងសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ក្លិប និងកីឡាករ-កីឡាការិនីទាំងអស់ ដែលជំរុញឲ្យវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា មានភាពរីកចម្រើនគួរជាទីមោទន ក្រោមច្បាប់ និងលក្ខន្ដិកៈកីឡាដ៏ត្រឹមត្រូវ។ លោកសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធ នឹងបន្ដពួតដៃគ្នា ដើម្បីជ្រោងទង់ជាតិកម្ពុជាលើឆាកអន្ដរជាតិ ហើយនាំមកនូវមេដាយ និងកិត្តិយសជូនជាតិបន្ថែមទៀត តាមរយៈការរៀបចំ និងចូលរួមព្រឹត្តិការណ៍អន្ដរជាតិនានា ទាំងក្នុងអាណត្តិថ្មី និងទៅថ្ងៃអនាគត។

គួរដឹងថា ក្នុងអាណត្តិថ្មីរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា គឺមានសមាជិកគណៈកម្មាធិការប្រតិបត្តិ ៩រូប ក្រៅពីលោក ជា ច័ន្ទបរិបូរណ៍ ជាប្រធាន គឺមានលោក ជី សិលា ជាអនុប្រធាន និងលោក លន់ សាមឌី ជាអគ្គលេខាធិការ អមដោយអគ្គលេខាធិការរង ២រូប និងសមាជិក ៤រូបទៀត។ ជាមួយមហាសន្និបាតបញ្ចប់អាណត្តិនេះ ក៏មានការចូលរួមជាសក្ខីភាពពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ៕