ស្នងការនគរបាលរាជធានីភ្នំពេញ និងអកសមុទ្រ គ្រងជើងឯកពានសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៦

02-03-2026 18:46

(ភ្នំពេញ)៖ ក្រោយចំណាយពេលជាង ៣សប្ដាហ៍ ព្រឹត្តិការណ៍បាល់ទះពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ បានរកឃើញក្រុមជើងឯកហើយ ដោយក្រុមស្នងការនគរបាលរាជធានីភ្នំពេញ លើកពានផ្នែកបុរស និងក្រុមអកសមុទ្រ លើកពានផ្នែកនារី បន្ទាប់ពីយកឈ្នះគូប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្ររៀងៗខ្លួននាចុងសប្ដាហ៍កន្លងទៅ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

ក្រុមស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើឲ្យអ្នកស្នេហាវិស័យបាល់ទះកម្ពុជា មានការភ្ញាក់ផ្អើល ចំពោះការធ្វើបានយ៉ាងល្អក្នុងរដូវកាលនេះ ដោយបានទម្លាក់ក្រុមខ្លាំងៗជាច្រើន រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ និងបន្ដយកឈ្នះក្រុមស្នងការនគរបាលខេត្តកោះកុង ដោយលទ្ធផល ៣-០ ដើម្បីគ្រងជើងឯក គ្រាដែលខេត្តកោះកុង បានត្រឹមជើងឯករង។ រីឯលេខ៣ បានទៅក្រុមបាល់ទះវិសាខា ក្រោយឈ្នះក្រុមកងពលធំ អន្ដរាគមន៍លេខ៣ ដោយលទ្ធផល ៣-០សិត។

ដោយឡែកក្រុមកីឡាការិនីអកសមុទ្រវិញ បានគ្រងជើងឯកផ្នែកនារី បន្ទាប់ពីយកឈ្នះក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ដោយលទ្ធផល ៣-២ ក្នុងពិន្ទុ ស្របពេលការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ក្រុមបាល់ទះក្រសួងមហាផ្ទៃ បានយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ ដោយលទ្ធផល ៣-២សិត។

ពិធីបិទការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា៕