Floyd នឹងវ៉ៃជាមួយ Zambidis នៅអំឡុងខែមិថុនា មុនប៉ះសត្រូវចាស់ Pacquiao នាចុងឆ្នាំនេះ
03-03-2026 09:50
(បរទេស)៖ ជើងខ្លាំងវ៉ៃមិនដែលចាញ់ Floyd Mayweather នឹងពើបប្រទះកីឡាករ kickboxer របស់ប្រទេសក្រិចគឺ Mike Zambidis នៃជំនួបតាំងពិព័រណ៌មួយនាអំឡុងខែមិថុនា មុនឈានទៅប៉ះអតីតគូប្រជែងចាស់របស់ខ្លួន Manny Pacquiao នៅចុងឆ្នាំ២០២៦ នេះ។
ទោះជាយ៉ាងណា នេះជាលើកទី៩ ផងដែរសម្រាប់កីឡាករប្រដាល់សកលអាមេរិក វ័យ ៤៩ឆ្នាំ ក្នុងការឡើងប្រកួតជាលក្ខណៈសប្បាយៗ ដែលមិនត្រូវបានរាប់ចូលជាអាជីពនោះទេ គិតចាប់តាំងពី Floyd បានប្រកាសចូលនិវត្តន៍រួចមក។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC។
ជំនួបលើកទី២ រវាងកីឡាករហ្វីលីពីន វ័យ ៤៧ឆ្នាំ និង Floyd ត្រូវបានប្រកាសរួចរាល់ហើយ ពោលគឺនឹងធ្វើឡើងនៅសង្វៀន Sphere ស្ថិតក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក នាថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) បន្ទាប់ពីឈ្នះ-ចាញ់ដោយពិន្ទុកាលជួបគ្នាលើកទី១ ក្នុងឆ្នាំ២០១៥ នៅអាមេរិកដូចគ្នា។
Floyd អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ៥សម័យបានបង្ហោះនៅលើបណ្តាញសង្គម Instagram របស់ខ្លួនថា «២០២៦ គឺជាឆ្នាំដ៏ទាក់ទាញបំផុតសម្រាប់ខ្ញុំ។ ខ្ញុំកំពុងស្ថិតនៅលើផ្លូវទៅកាន់ទីក្រុងអាតែន ប្រទេសក្រិច។ ខ្ញុំបានត្រៀមខ្លួនរួចស្រេចហើយ»។
មែនទែនទៅ Floyd Mayweather ពុំដែលឡើងប្រកួតជាលក្ខណៈអាជីពប្រដាល់ម្តងណាទៀតឡើយ គិតចាប់តាំងពីផ្តួល Conor McGregor សន្លប់ត្រឹមទឹកទី១០ កាលឆ្នាំ២០១៧ គ្រាដែល Zambidis វ័យ ៤៥ឆ្នាំ ធ្លាប់បានប្រកួតចុងក្រោយកាលខែមិថុនា ឆ្នាំ២០១៥ ពីស្ថិតិធ្លាប់ផ្តួលដៃគូសន្លប់បាន ៨៧លើកផងនោះ៕



