Amazon ចាយជាង ៤០០លានដុល្លារ ទិញយកទីតាំងសាកលវិទ្យាល័យល្បីនៅអាមេរិក ដើម្បីពង្រីកមជ្ឈមណ្ឌលទិន្នន័យ AI
03-03-2026 12:00
(បរទេស)៖ ក្រុមហ៊ុនយក្ស Amazon កំពុងពង្រីកឥទ្ធិពលបច្ចេកវិទ្យារបស់ខ្លួនកាន់តែខ្លាំង ដោយបានសម្រេចចិត្តបោះទុនទឹកប្រាក់ចំនួន ៤២៧ លានដុល្លារ ដើម្បីទិញយកបរិវេណវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់សាកលវិទ្យាល័យ George Washington (GWU) ក្នុងរដ្ឋ Virginia។ ការបោះទុនយ៉ាងសន្ធឹកសន្ធាប់នេះ គឺដើម្បីយកទីតាំងនោះមកសាងសង់មជ្ឈមណ្ឌលទិន្នន័យ (Data Center) ខ្នាតយក្ស សម្រាប់គាំទ្រដល់ការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នេះគឺជាផ្នែកមួយនៃមហិច្ឆតារបស់ Amazon ដែលគ្រោងនឹងវិនិយោគទឹកប្រាក់រហូតដល់ ៣៥ ពាន់លានដុល្លារ បន្ថែមទៀតត្រឹមឆ្នាំ២០៤០ ក្នុងរដ្ឋ Virginia ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់ខ្លួន។ ទោះជាយ៉ាងណា ការសម្រុកចាយលុយយ៉ាងគំហុកក្នុងវិស័យ AI ពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ កំពុងធ្វើឱ្យវិនិយោគិនមួយចំនួនបារម្ភពីការកើតមាន «ពពុះសេដ្ឋកិច្ច AI» (AI Bubble) ដែលមានន័យថាជាការវិនិយោគលើសកម្រិតដែលអាចនឹងជួបហានិភ័យទៅថ្ងៃក្រោយ។
ដោយឡែក សម្រាប់ខាងសាកលវិទ្យាល័យ GWU វិញ ការលក់ទីតាំងនេះគឺជាយុទ្ធសាស្ត្រដើម្បីដោះស្រាយវិបត្តិថវិកាដែលកំពុងជួបប្រទះ។ តំណាងសាកលវិទ្យាល័យបានបញ្ជាក់ថា៖ «នេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយ ដើម្បីពង្រឹងសុខភាពហិរញ្ញវត្ថុរយៈពេលវែងរបស់ GWU និងដើម្បីវិនិយោគកាន់តែស៊ីជម្រៅលើបេសកកម្មសិក្សា និងសហគមន៍របស់យើង»។ ទោះបីជាទទួលបានប្រាក់រាប់រយលានដុល្លារក៏ដោយ ក៏សាកលវិទ្យាល័យទទួលស្គាល់ថា វានៅមិនទាន់អាចដោះស្រាយបញ្ហាឱនភាពថវិកាដែលចាក់ឫសជ្រៅក្នុងស្ថាប័នបានទាំងស្រុងនោះទេ។
គួរជម្រាបថា ក្នុងកិច្ចព្រមព្រៀងនេះ Amazon បានអនុញ្ញាតឱ្យសាកលវិទ្យាល័យអាចបន្តប្រើប្រាស់ទីតាំងនោះសម្រាប់កម្មវិធីសិក្សារបស់ខ្លួនបានរហូតដល់ ៥ ឆ្នាំទៀត។ បច្ចុប្បន្ន GWU ក៏កំពុងបន្តវិធានការរឹតបន្តឹងការចំណាយយ៉ាងខ្លាំង រួមមានការកាត់បន្ថយបុគ្គលិក កាត់បន្ថយការចំណាយលើការធ្វើដំណើរ និងការកាត់ប្រាក់ខែថ្នាក់ដឹកនាំជាបណ្តោះអាសន្ន ដើម្បីស្រោចស្រង់ស្ថានភាពហិរញ្ញវត្ថុរបស់សាលាឡើងវិញ៕










