អាជីវករលក់បារីនៅប្រទេសអូស្ត្រាលី អំពាវនាវឱ្យមានការកាត់បន្ថយពន្ធលើថ្នាំជក់ ខណៈទីផ្សារលក់ដូរបារីស្របច្បាប់ប្រឈមនឹងហានិភ័យដួលរលំ

03-03-2026 12:07

(អូស្ត្រាលី)៖ អាជីវករលក់បារីនៅទូទាំងប្រទេសអូស្ត្រាលី កំពុងអំពាវនាវឲ្យរដ្ឋាភិបាល កាត់បន្ថយពន្ធលើថ្នាំជក់ ដោយព្រមានថា ការកើនឡើងនៃពន្ធអាករនេះកំពុងជំរុញការកើនឡើងនូវទីផ្សារថ្នាំជក់ខុសច្បាប់ និងបង្កសម្ពាធយ៉ាងខ្លាំងលើអាជីវកម្មលក់បារីស្របច្បាប់។

បើយោងតាមសេចក្តីរាយការណ៍របស់ 7News Australia ក្រុមអាជីវករលក់បារី បានអះអាងថា ការកើនឡើងនៃពន្ធថ្នាំជក់បានធ្វើឲ្យមានភាពខុសគ្នានៃតម្លៃកាន់តែធំឡើងរវាងផលិតផលស្របច្បាប់ និងផលិតផលខុសច្បាប់ ដែលជាហេតុធ្វើឲ្យអ្នកជក់បារីមួយចំនួនប្ដូរទៅទិញពីបារីខុសច្បាប់ពីទីផ្សារងងឹត។ បារីស្របច្បាប់នៅអូស្ត្រាលីត្រូវបានរាយការណ៍ថា មានតម្លៃខ្ពស់ជាងផលិតផលខុសច្បាប់ប្រហែលបីដង ហើយជាមួយនេះ ក៏ស្ថិតក្នុងចំណោមថ្នាំជក់ដែលមានតម្លៃខ្ពស់បំផុតក្នុងពិភពលោកផងដែរ។

លោក Theo Foukkare នាយកប្រតិបត្តិនៃសមាគមន៍ហាងលក់រាយនៅប្រទេសអូស្ត្រាលី បានឲ្យដឹងថា សមាជិករបស់សមាគមន៍បានបាត់បង់ចំណូលលក់រាយលើសពី ៤ពាន់លានដុល្លារ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ ខណៈអតិថិជនប្ដូរទៅទិញផលិតផលថោក និងគ្មានពន្ធ។ កំឡុងពេលនេះផងដែរ ក្រុមអាជីវករលក់បារីកំពុងស្នើសុំការកាត់បន្ថយពន្ធថ្នាំជក់ ៣០ ភាគរយ ដោយអះអាងថា រចនាសម្ព័ន្ធតម្លៃបច្ចុប្បន្នបានជំរុញឲ្យអ្នកប្រើប្រាស់និងអ្នកទិញឈប់ទិញផលិតផលស្របច្បាប់។

លោក Fred Harrison នៃក្រុមហ៊ុន Ritchies IGA ក៏បានមានប្រសាសន៍ផងដែរថា យើងត្រូវតែដោះស្រាយបញ្ហាផលិតផលខុសច្បាប់ដោយផ្ទាល់ ហើយការកែសម្រួលពន្ធអាករជាវិធីមួយដ៏សមស្របក្នុងការធ្វើដូច្នេះ។

ចំណែកឯ តំណាងឧស្សាហកម្មនៅប្រទេសអូស្រ្តាលី ក៏បានព្រមានផងដែរថា ផលិតផលថ្នាំជក់ដែលធ្លាប់លក់បានប្រហែល ៤០ភាគរយនៃការលក់សរុបក្នុងហាងមួយចំនួន មានការធ្លាក់ចុះសល់ត្រឹមតែ ១០ ភាគរយប៉ុណ្ណោះក្នុងពេលបច្ចុប្បន្ន។ អាជីវករលក់បារីបញ្ជាក់ថា ប្រសិនបើអាជីវកម្មថ្នាំជក់ស្របច្បាប់លែងមាន នោះយើងអាចនឹងប៉ះពាល់ដល់ការបាត់បង់ការងារផងដែរ។

ការសិក្សាមួយដែលត្រូវបានរៀបចំឡើងដោយ Ritchies IGA ប៉ាន់ប្រមាណថា រដ្ឋាភិបាលអាចបាត់បង់ប្រាក់ចំណូលប្រមាណ ៦៧ពាន់លានដុល្លារ ប្រសិនបើការលក់ថ្នាំជក់ស្របច្បាប់បន្តធ្លាក់ចុះ ហើយមានការព្រួយបារម្ភថាទីផ្សារផលិតផលស្របច្បាប់អាចដួលរលំទាំងស្រុងក្នុងរយៈពេលបីឆ្នាំខាងមុខ។ ជាមួយគ្នានេះផងដែរ សហគមន៍អ្នកការពារសុខភាពសាធារណៈក៏បានបង្ហាញការព្រួយបារម្ភផងដែរ។

លោកស្រី Rachael Andersen ដែលជា Quit Director នៃអង្គការ Cancer Council បានមានប្រសាសន៍ថា បញ្ហានេះមិនមែនជាបញ្ហាសេដ្ឋកិច្ចតែប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាសុខភាពសាធារណៈផងដែរ ហើយដំណោះស្រាយដែលផ្អែកតែលើមាត្រដ្ឋានសេដ្ឋកិច្ចក៏អាច បង្ករផលប៉ះពាល់រយៈពេលវែងលើសុខភាពផងដែរ។

តាមសេចក្ដីរាយការណ៍របស់សហគមន៍អ្នកការពារសុខភាពសាធារណៈ ការជក់បារីបណ្តាលឲ្យប្រជាជនអូស្ត្រាលីប្រមាណ ៦៦ នាក់ស្លាប់រៀងរាល់ថ្ងៃ។ លោកនាយករដ្ឋមន្ត្រីរបស់ប្រទេសអូស្រ្តាលី បានបញ្ជាក់ថា បញ្ហានេះ មិនមែនជាបញ្ហាចំណូលតែប៉ុណ្ណោះទេ ប៉ុន្តែជាការផ្ញើសារអំពីសុខភាពផងដែរ» ខណៈបានកត់សម្គាល់ថា ប្រាក់ពន្ធមួយចំនួនត្រូវបានប្រើប្រាស់សម្រាប់ការបង្ក្រាបការលក់ថ្នាំជក់ខុសច្បាប់។

ក្នុងសេចក្តីរាយការណ៍មួយផ្សេងទៀត 7News Australia បានរំលឹកថា ទីផ្សារថ្នាំជក់ស្របច្បាប់នៅអូស្ត្រាលីអាចប្រឈមនឹងហានិភ័យដួលរលំក្នុងរយៈពេលបីឆ្នាំ ប្រសិនបើនិន្នាការបច្ចុប្បន្នបន្ត ហើយមានការព្រមានថា ទីផ្សារងងឹតដែលដំណើរការដោយបណ្តាញឧក្រិដ្ឋកម្មអាចកាន់កាប់ទីផ្សារស្របច្បាប់ជំនួសបានទៀតផង៕