Mbappe មានបញ្ហារបួសជង្គង់ មុនពេល Real Madrid ប៉ះ Man City សប្តាហ៍ក្រោយនៅ Champions
03-03-2026 12:39
(បរទេស)៖ ខ្សែប្រយុទ្ធ Kylian Mbappe បានស្ថិតក្នុងមន្ទិលនៃជំនួប Real Madrid ស្វាគមន៍ Manchester City បើកឆាកជើងទី១ នៃវគ្គ ១៦ក្រុម UEFA Champions League 2025-26 សប្តាហ៍ក្រោយនេះ ដ្បិតមានបញ្ហារបួសជង្គង់។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករវ័យ ២៧ឆ្នាំខាងលើនេះ កំពុងមានបញ្ហារបួសជង្គង់ខាងឆ្វេង និងពុំទាន់មានគម្រោងវះកាត់នៅឡើយទេនាពេលបច្ចុប្បន្ននេះ។
ទោះជាយ៉ាងណា ប្រធានក្រុមជម្រើសជាតិមាន់គកបារាំង Mbappe បានស្ថិតក្នុងភាពត្រដាបត្រដួស និងតស៊ូជាមួយបញ្ហាជង្គង់ជាយូរមកហើយ គិតចាប់ពីឆ្នាំ២០២៥ និងបានអវត្តមានប្រកួតបញ្ចប់ជើងទី២ វគ្គជម្រុះ UCL ទល់នឹង Benfica កាលពីសប្តាហ៍មុនទៀតផង មុនធ្វើដំណើរទៅទីក្រុងប៉ារីស ដើម្បីពិនិត្យបន្ថែម។
នេះមានន័យថា Mbappe ដែលបានផុតកិច្ចសន្យាជាមួយក្លិប PSG និងផ្លាស់មកចូលរួមជាមួយ Real កាលខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ក៏បានអវត្តមាននៅក្របខណ្ឌ La Liga ដែលអធិរាជសបានចាញ់ Getafe នៅរាត្រីថ្ងៃចន្ទ និងស្ថិតក្នុងភាពមិនច្បាស់លាស់ផងដែរ ពេលស្វាគមន៍ Man City នៅរាត្រីថ្ងៃពុធសប្តាហ៍ក្រោយក្នុងប្រទេសអេស្ប៉ាញ។
លោក Alvaro Arbeloa អ្នកចាត់ការទូទៅក្លិប Real បានថ្លែងប្រាប់កាលពីសប្តាហ៍មុន អំពីការសម្រេចចិត្តរបស់ លោកចំពោះ Mbappe ដែលស៊ុតបាន ៣៨គ្រាប់ ក្នុងចំណោម ៣៣ប្រកួតរដូវកាលនេះថា «Mbappe នឹងត្រឡប់មកវិញ នៅ ពេលស្ថានភាពរបួសបានសះស្បើយ ១០០% តែម្តង»៕



