ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករ-កីឡាការិនី គ្រូបង្វឹក និងក្រុមការងារ នៃក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
03-03-2026 12:59
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអនុញ្ញាតឱ្យក្រុមកីឡាករ-កីឡាការិនី គ្រូបង្វឹក និងក្រុមការងារ នៃក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ តឹង សុធី ប្រធានប្រតិភូចូលជួបសំណេះសំណាល នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានឧបត្ថម្ភថវិកាលើកទឹកចិត្ត ព្រមទាំងកោតសរសើរដល់ក្រុមទាំងពីរ ដែលបានខិតខំតស៊ូប្រឹងប្រែងប្រកួត បង្កើតសមិទ្ធផលថ្មីជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍ ប្រកួតដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង រដូវកាលទី៤ ដោយផ្នែកបុរសទទួលបានជ័យលាភីជើងឯក និងផ្នែកនារី ទទួលបានចំណាត់ថ្នាក់លេខ២ រងជើងឯក។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទះពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ២០២៦ បានរកឃើញក្រុមជើងឯកហើយ ដោយក្រុមស្នងការនគរបាលរាជធានីភ្នំពេញ លើកពានផ្នែកបុរស និងក្រុមអកសមុទ្រ លើកពានផ្នែកនារី បន្ទាប់ពីយកឈ្នះគូប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្ររៀងៗខ្លួននាចុងសប្ដាហ៍កន្លងទៅ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)៕










































