Vodafone ចាប់ដៃ Amazon ប្រើផ្កាយរណបបង្ហោះសេវា 5G ទៅដល់តំបន់ដាច់ស្រយាលបំផុត

03-03-2026 13:52

(បរទេស)៖ ក្រុមហ៊ុនទូរគមនាគមន៍យក្ស Vodafone បានប្រកាសពីកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយក្រុមហ៊ុន Amazon ដើម្បីប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបគន្លងទាប (LEO) សម្រាប់តភ្ជាប់បង្គោលអង់តែនទូរស័ព្ទ 4G និង 5G នៅតាមតំបន់ដាច់ស្រយាលក្នុងទ្វីបអឺរ៉ុប និងអាហ្វ្រិក។ បច្ចេកវិទ្យាថ្មីនេះ នឹងជួយឱ្យអ្នករស់នៅតំបន់ដាច់ស្រយាល ឬកន្លែងដែលពិបាកទៅដល់ អាចប្រើអ៉ីនធឺណិតល្បឿនលឿនបាន ដោយមិនចាំបាច់រង់ចាំការជីកដាក់ខ្សែកាបអុបទិកដែលត្រូវចំណាយពេលយូរ និងថវិកាច្រើននោះឡើយ។

យោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន Vodafone បានបញ្ជាក់ថា ប្រព័ន្ធផ្កាយរណបរបស់ Amazon អាចផ្តល់ល្បឿនអ៉ីនធឺណិតដ៏ខ្លាំង រហូតដល់ ១ ហ្គីហ្គាប៊ីតក្នុងមួយវិនាទី (1 Gbps) សម្រាប់ការទាញយក និង ៤០០ មេហ្គាប៊ីតក្នុងមួយវិនាទី (400 Mbps) សម្រាប់ការបង្ហោះទិន្នន័យ។ ល្បឿនកម្រិតនេះ នឹងធ្វើឱ្យការប្រើប្រាស់អ៉ីនធឺណិតនៅតាមភូមិដាច់ស្រយាល មានភាពរលូនមិនចាញ់អ្នកនៅទីក្រុងនោះទេ។

គម្រោងបដិវត្តន៍បច្ចេកវិទ្យានេះ នឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ដំបូងនៅក្នុងប្រទេសអាល្លឺម៉ង់ និងបណ្តាប្រទេសក្នុងអឺរ៉ុបមួយចំនួននៅឆ្នាំនេះ មុននឹងបន្តពង្រីកទៅកាន់ទ្វីបអាហ្វ្រិកតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ Vodacom។ ក្រុមហ៊ុន Vodafone បានលើកឡើងថា៖ «បច្ចុប្បន្ន Amazon មានផ្កាយរណបជាង ២០០ គ្រឿងកំពុងដំណើរការក្នុងគន្លងអាកាស ហើយផ្កាយរណបរាប់រយគ្រឿងទៀតត្រូវបានផលិតរួចរាល់សម្រាប់ត្រៀមបង្ហោះជាបន្តបន្ទាប់»

ជាដំណឹងល្អបន្ថែមទៀតសម្រាប់អ្នកប្រើប្រាស់ ក្រុមហ៊ុន Vodafone ក៏កំពុងសហការជាមួយដៃគូមួយទៀតគឺ AST SpaceMobile ដើម្បីអភិវឌ្ឍសេវាផ្កាយរណបដែលអតិថិជនអាចប្រើបានផ្ទាល់ជាមួយស្មាតហ្វូនធម្មតា។ ទោះបីជាសេវាកម្មនេះមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់ ប៉ុន្តែវាគឺជាសញ្ញាបង្ហាញថា នាពេលអនាគត មនុស្សគ្រប់គ្នានឹងអាចទាក់ទងគ្នាបានគ្រប់ទីកន្លែង ទោះជាស្ថិតនៅកណ្តាលព្រៃជ្រៅ ឬតំបន់ភ្នំខ្ពស់ក៏ដោយ៕