Amazon ថាការវាយប្រហារដោយដ្រូនបានធ្វើឱ្យខូចខាតដល់មជ្ឈមណ្ឌល ៣ កន្លែងនៅ UAE និងបារ៉ែន

04-03-2026 09:29

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon (AWS) បានប្រកាសថា មជ្ឈមណ្ឌលទិន្នន័យចំនួន ៣ កន្លែងរបស់ខ្លួននៅក្នុងប្រទេស អេមីរ៉ាតអារ៉ាប់រួម(UAE) និងបារ៉ែន បានរងការខូចខាតយ៉ាងដំណំដោយសារការវាយប្រហារដោយដ្រូន។ ការវាយប្រហារនេះបានធ្វើឱ្យសេវាកម្មល្បីៗដូចជាការផ្ទុកទិន្នន័យ (S3) និងប្រព័ន្ធម៉ាស៊ីនមេ (EC2) ត្រូវកាត់ផ្ដាច់ និងដំណើរការយឺតយ៉ាវ ដែលបង្កឱ្យមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ា។​ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី០៣​ ខែមីនា ឆ្នាំ២០២៦។

យោងតាមការបញ្ជាក់ពីក្រុមហ៊ុន AWS អស្ថិរភាពនេះកើតចេញពី «ជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា» ដែលបណ្តាលឱ្យមានការខូចខាតដល់រចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធអគ្គិសនី។ ក្រុមហ៊ុនបានបញ្ជាក់យ៉ាងច្បាស់ថា៖ «នៅក្នុងប្រទេស UAE មជ្ឈមណ្ឌលចំនួនពីររបស់យើងត្រូវបានវាយប្រហារចំគោលដៅ ខណៈនៅបារ៉ែន ការវាយប្រហារបានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធរបស់យើង... ដែលទាមទារឱ្យមានការបាញ់ពន្លត់អគ្គិភ័យ និងបណ្តាលឱ្យមានការខូចខាតបន្ថែមដោយសារទឹក»

ទន្ទឹមនឹងការខិតខំជួសជុល Amazon ក៏បានព្រមានពីការយឺតយ៉ាវក្នុងការដឹកជញ្ជូនទំនិញនៅតាមបណ្តាប្រទេសដូចជា អ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត និងគុយវ៉ែតផងដែរ ដោយសារតែការវាយប្រហារដោយមីស៊ីល និងដ្រូនពីសំណាក់ប្រទេសអ៊ីរ៉ង់។ ក្រុមហ៊ុនបានលើកឡើងថា ប្រតិបត្តិការក្នុងតំបន់នេះគឺ «មិនអាចស្មានទុកជាមុនបាន» ហើយបានណែនាំឱ្យអតិថិជនទាំងអស់ចម្លងទុកទិន្នន័យ (Backup) ឬផ្លាស់ទីទិន្នន័យទៅកាន់តំបន់ផ្សេងដែលមានសុវត្ថិភាពជាងនេះ ដើម្បីចៀសវាងការបាត់បង់ព័ត៌មានសំខាន់ៗ៕