អ៉ីរ៉ង់ ប្រឈមនឹងការបាត់បង់ប្រាក់រង្វាន់ជាច្រើន និងរងទណ្ឌកម្មទៀតផង ប្រសិនដកខ្លួនពី World Cup 2026

04-03-2026 09:53

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីរ៉ង់ ប្រឈមនឹងទៅការបាត់បង់ប្រាក់រង្វាន់ជាច្រើន និងរងការពិន័យថែមទៀត ប្រសិនណាសម្រេចចិត្តពហិការពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026។ នេះបើយោងតាមការចេញផ្សាយដោយ sportbible។

គិតមកទល់នឹងពេលនេះ សង្រ្គាមរវាងអ៉ីស្រាអែល-សហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានឈានចូលដល់ថ្ងៃទី៥ ហើយ ពោលគឺចាប់តាំងពីព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) ក្រោយជំនួបចរចាអាវុធនុយក្លេអ៊ែរនៃប្រទេសស្ថិតនៅតំបន់ឈូងសមុទ្រមួយនេះ ត្រូវបានបរាជ័យ។

នៅប្រមាណតែជាង ៣ខែទៀតប៉ុណ្ណោះ ក្រុមបាល់ទាត់អ៉ីរ៉ង់នឹងត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីលេង World Cup 2026 ចាប់ពីថ្ងៃទី១១ ខែមិថុនាដល់ថ្ងៃទី១៩ ខែកក្កដា ដោយមានមិចស៊ិក និងកាណាដាធ្វើម្ចាស់ផ្ទះរួមគ្នាជាមួយអាមេរិកដែរ។

ក្រុមរបស់លោក Amir Ghalenoei ត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូល G ជាមួយអេហ្ស៊ីប ណូវែលហ្សេឡង់ និងប៊ែលហ្ស៊ិក ស្របពេលក្រុមស្ថិតនៅតំបន់មជ្ឍិមបូព៌ាមួយនេះ បានកំពុងពិចារណាដកខ្លួនពីកម្មវិធីធំនេះវិញ ដ្បិតកំពុងមានសង្រ្គាមជាមួយប្រទេសម្ចាស់ផ្ទះអាមេរិកផងនោះ។

ទោះជាយ៉ាងណា ក្នុងប្រវត្តិសាស្រ្ត World Cup ដែលរៀបចំដោយ FIFA បាន ២២លើកមកនេះ ពុំមានក្រុមណាមួយ បានដកខ្លួនពីជុំចុងក្រោយឡើយ វាលើកលែងតែវគ្គជម្រុះតាមតំបន់ដែលធ្លាប់មាន។

បើយោងតាមការចេញផ្សាយដោយ AP (Associated Press) បានឱ្យដឹងថា ប្រសិនបើអ៉ីរ៉ង់ពិតជាដកខ្លួនពី World Cup 2026 ពិតមែន នោះពួកគេនឹងខាតបង់ទឹកប្រាក់យ៉ាងហោចណាស់ចាប់ពី ១០.៥លានដុល្លារឡើងទៅ និង ៩លានដុល្លារផ្សេងទៀត ជាប្រាក់រង្វាន់លេងសន្សំពិន្ទុតាមពូលទៀតផង។

បន្ថែមលើនេះ អ៉ីរ៉ង់ក៏នឹងទទួលការពិន័យពី FIFA នូវទំហំទឹកប្រាក់ប្រមាណ ៣២១,០០០ដុល្លារ ពីការដកខ្លួនក្រោមរយៈពេល ៣០ថ្ងៃមុនពេល World Cup ចាប់ផ្តើម និងគុណនឹង ២ដងថែមទៀត ប្រសិនបើដកខ្លួនលើសពី ៣០ថ្ងៃ៕